​ធនធានមនុស្ស​គឺជា​ក​ត្តា​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ

0

​ខេត្តសៀមរាប អគារសិក្សា ១​ខ្នង មាន​២​បន្ទប់ ធ្វើ​អំពី​ថ្ម ប្រក​ក្បឿង ដែលជា​អំណោយ​របស់​សាលា​អនុវិទ្យាល័យ វែ​ស​ស្ត្រី​ង ប្រទេស​សិង្ហ​បុរី ផ្តល់ជូន​ដល់​សិស្សានុសិស្ស​សាលាបឋមសិក្សា​ល្វា ស្ថិតក្នុង​ភូមិ​ល្វា ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប ផ្តល់​តាមរយៈ​ក្រុមហ៊ុន Global Heritage Tours ត្រូវបាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ចុង​សប្តាហ៍ ថ្ងៃទី​០៦ ខែ ធ្នូ ឆ្នាំ ២០១៥ ក្រោម​អធិបតីភាព​លោកស្រី​គួ​យ​ណា​លីន​ឃឹម​ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក ម្ចាស់ជំនួយ និង សប្បុរសជន​រួមទាំង​អស់លោក​លោកស្រី​ជា​មន្ត្រីរាជការ​សិស្សានុសិស្ស​និង ប្រជាពលរដ្ឋ​ផងដែរ ៕
​បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់លោក ភូ សំអាត អភិបាលស្រុក​ប្រាសាទបាគង និង សេចក្តីរាយការណ៍​ពី​ការ សាងសង់​របស់លោក​ស្រី អាយ​រី​ន វ៉ុ​ន ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ Global Heritage Tours បានបញ្ជាក់​ឲ្យ​ដឹង ពី​ការ​ចំណា​ង​សាងសង់​សរុប ថវិកា​អស់ ជាង​៣​ម៉ឺន​ដុល្លា ដោយមាន​ការបំពាក់​នូវ​សម្ភារៈ បរិក្ខា​សិក្សា​ផងដែរ ។
​បន្ទាប់ពី​ចំណាប់អារម្មណ៍​របស់​អ្នកគ្រូ ជេ​នី​ស តី តំណាង​វ៉ែ​ស​ស្ត្រី​សិខិន​ដេ​រី​ស្គូ​ល​សាំង​ហ្ក​ស​ពូរ តាមរយៈ គម្រោង​ខាង​ផ្នែក​អប់រំ​រួចមក លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង​ក្នុងនាម​លោក ឃឹម ប៊ុន​សុង​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង ជា​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប​ក៏បាន​ពាំនាំ​នូវ​ការ​សាក​សូរ​សុខទុក្ខ​ដោយ​ក្ដី​នឹករលឹក​ជ្រាលជ្រៅ​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ​បងប្អូន​ប្រជាពលរដ្ឋ​និង​ក្មួយៗ​ទាំងអស់​ដែល​វត្តមាន​នៅទីនេះ​។ លោកជំទាវ​បាន​បញ្ជាក់ថា​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​គឺជា​កត្តា​ដ៏ ចំបង​នៃ​គ្រឹះ​រឹងមាំ​ក្នុង​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន ដើម្បី​ភាព​រីកចម្រើន​របស់​ប្រជាពលរដ្ឋ​យើង​ផងដែរ​។​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សមិទ្ធិ​ផល​សង្គមជាតិ​ជាច្រើន​បាន​រីកដុះដាល​លើ​គ្រប់​វិស័យ​ដោយបាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​វិស័យ​អប់រំ​សិក្សាធិការ​ចាប់ពី​ថ្នាក់​មត្តយ្យ​សិក្សា​បឋមសិក្សា​មធ្យមសិក្សា រហូតដល់​ឧ​ត្ត​មសិ​ក្សា ដែលជា​ស្ថាប័ន​មួយ​ដ៏​សំខាន់ ក្នុង​ការកសាង​ធនធានមនុស្ស​តាមរយ​:​ការបណ្ដុះបណ្ដាល​ចំណេះដឹង​ចំណេះធ្វើ​រួមទាំង​បច្ចេកវិទ្យា​ទៀតផង​។ លោកជំទាវ ក៏បាន​លើកឡើងថា ទាក់ទិន​នឹង​ការងារ​អប់រំ​នេះ​ការបណ្ដុះបណ្ដាល​ចំណេះដឹង​នៅ​បឋមសិក្សា​ពិតជា​មាន​សារ​: សំខាន់​ណាស់​ចំពោះ​ក្មួយៗ​ដែល​ស្ថិតក្នុង​វ័យ​កុមារ​យុវជន គឺជា​សរស​ស្តម្ភ​គ្រឹះ​រឹងមាំ​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស ។ ម្យ៉ាងទៀត លោកគ្រូ​អ្នកគ្រូ បាន​បង្ហាត់បង្រៀន​ទាំង​ចំណេះដឹង​ទូទៅ ក៏ដូចជា​បាន​យល់ដឹង​ពី​សីលធម៌ សុជីវធម៌​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​រួមទាំង​ទំនៀមទម្លាប់​ប្រពៃណីជាតិ​ផងដែរ មុននឹង​ក្មួយៗ​ឈានទៅ​មធ្យមសិក្សា​ជា​បន្តបន្ទាប់​ទៀត​។ លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង ក៏បាន​បញ្ជាក់ថា នេះ​ជា​សម​ទ្ធិ​ផល​ថ្មី​មួយ សម្រាប់​កូនចៅ​ប្រជាជន​ក្នុងភូមិ​ល្វា ពីព្រោះថា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ចំនួន​កុមារ​ដែល​ស្ថិតក្នុង​វ័យ​សិក្សា​ចេះតែ​កើន​ឡើងជា​លំដាប់​ដែល​ទាមទារ​នូវ​តម្រូវការ​អាគារ​សិក្សា​ថ្មីៗ​ថែមទៀត​សម្រាប់​ក្មួយៗ​ចូលរៀន​។​ហើយ​អាគារ​សិក្សា​ថ្មី​នេះ​ក៏បាន​ចូលរួមចំណែក​កាត់បន្ថយ​ការលំបាក​របស់​ក្មួយៗ​ដោយ​ត្រូវ​ធ្វើដំណើរ​ទៅ​សិក្សា​នៅ​សាលា​មួយទៀត​ឆ្ងាយ​ពី​ផ្ទះសំបែង​របស់ខ្លួន​រួមទាំង​ការបារម្ភ​ពី​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​របស់​កូនៗ​ទៅ​សាលារៀន​ឆ្ងាយ​ពី​សំណាក់​ឪពុកម្ដាយ​ទៀតផង​។​ក្នុងនោះដែរ​លោកជំទាវ​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​និង សំណូមពរ​លោកនាយក លោកគ្រូ​អ្នកគ្រូ​យកចិត្តទុកដាក់​ប្រើប្រាស់​និង​ថែរក្សា​អាគារ​សិក្សា​ថ្មី​១​ខ្នង​នេះ​ឲ្យ​បានល្អ ប្រើប្រាស់​បានយូរ​អង្វែង​ក៏ដូចជា​រួមគ្នា​បំផុសស្មារតី​សហគមន៍​សាមគ្គី​គ្នា​ជួយ​ជួសជុល​ក្នុងករណី​ចាំបាច់​ណាមួយ​ដើម្បី​បន្ត​នូវ​ទំនុកចិត្ត​ពី​សំណាក់​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​សាងសង់​អគារ​នេះ សូម​ឲ្យ​បងប្អូន​ដែលជា​ឪពុក ម្ដាយ​អាណាព្យាបាល​បន្ដ​យកចិត្តទុកដាក់​អប់រំ​កូនចៅ​ឲ្យ​ខិតខំ​រៀនសូត្រ​និង​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ទាំងឡាយ​សំខាន់​គ្រឿងញៀន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​ស្ថេរភាព​សង្គមជាតិ​។​សម្ដែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​វេ​ស្ត៍​ស្ព្រី​ង​សឺ​ខុន​ដែ​រី​ស្គូ​ល​សាំង​ហ្គា​ពួរ​មាន​អ្នកគ្រូ​ជេ​នី​ស​តី​ជា​តំណាង​ដែលមាន​សន្ដាន​ចិត្ត​សប្បុរសធម៌​ឧបត្ថម្ភ​ថវិកា​សាងសង់​អាគារ​សិក្សា​ថ្មី​១​ខ្នង ក៏ដូចជា​ជួយ​ជួសជុល​ឲ្យ​បាន​សមរម្យ​ឡើងវិញ​ក្នុងការ​រួមចំណែក​កសាង​ធនធានមនុស្ស​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ក៏​ដូច​ខេត្តសៀមរាប ដែលជា​គោលដៅ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក​ព្រមទាំង​សូម​ឲ្យ​សប្បុរសជន​បន្ត​នូវ​ប្រពៃណី​របស់ខ្លួន ជួយ​ដល់​សកម្មភាព​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដា​ក្រុង​ស្រុក​ក្នុង​ខេត្តសៀមរាប​ផងដែរ ៕DSC_1140 DSC_1132 DSC_1130 DSC_1127