​រថយន្ត​២​គ្រឿង​បុក​គ្នា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ ​និង​២២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​

0

​ខេត្តកណ្តាល​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ រវាង​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ បើក​បុក​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ស្វាយ បណ្តាល​ឲ្យ​ស្ត្រី​ជា​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​មនុស្ស​ប្រុស​-​ស្រី​ចំនួន​២២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលោង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​សេ​ដា ឃុំ​វិហា​សួរ​គ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​ ​ ​

មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ករ​ហេតុ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លា​លេខ​ភ្នំពេញ​៣B ៨៦៣៨ ធុន​ធំ​មាន​ដឹកទំនិញ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ និង​មាន​អ្នករួមដំណើរ​២​នាក់​ទី​១-​ឈ្មោះ ធី ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​២​ឈ្មោះ ឌី​ន រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។​ទាំង​២​នាក់​ខាងលើនេះ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ស្នៀត ឃុំ​ព្រែក​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង បាន​រងរបួស​ស្រាល ។ ​

ប្រភប​ដដែល​បាន​បន្តថា រថយន្ត​ម្ខាង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​២U-៥២០៧ មាន​ផ្ទុក​ផ្លែស្វាយ​ពេញ​រថយន្ត​បើកបរ​ដោយ​ឈ្មោះ ទួន រដ្ឋា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​រងរបួស​ធ្ងន់​) និង​អ្នករួមដំណើរ​ដែល​ស្លាប់​បាត់បង់​មានឈ្មោះ ម៉េង ធា​យ៉ុង ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម ។​ ​ប្រភព​ដដែល​បាន​បន្តទៀតថា អ្នករួមដំណើរ​ជាមួយ​រថយន្ត​ដឹក​ស្វាយ​ដែល​រងរបួស​ធ្ងន់​មាន ១-​ឈ្មោះ ជុ​យ ស្រី​យាវ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ,២-​ឈ្មោះ ហាក់ ហៀ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ,៣-​ឈ្មោះ ហៀ​ង ធី ភេទ​ប្រុស អាយុ​៥​ឆ្នាំ និង​ជនរងគ្រោះ​ដែល​រងរបួស​ស្រាល​មាន​គ្នា​១៧​នាក់ ។

ជនរងគ្រោះ​២១​នាក់​ជិះ​លើ​រថយន្ត​ដឹក​ស្វាយ​មាន​ទីលំនៅ​ក្នុងភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​ ​ ​នគរបាល​ចរាចរណ៍​ស្រុក​បាន​បញ្ជាក់ថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស បាន​បើកបរ​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​មកដល់​ចំណុចកើតហេតុ​ពុំ​ដឹង​ជាមាន​រឿង​អ្វី​នោះទេ រថយន្ត​ហ៊ីយ៉ាន់ដាយ​បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ដឹក​ស្វាយ​បើក​បរប​ញ្ជ្រា​សទិស​គ្នា​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​កាប៊ីន​ខាងមុខ​ទាង​សងខាង និង​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​តែម្តង ។​ ​

ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​រងរបួស​យ៉ាងរ​ណូ​ក រណែល​រួចមក​អ្នកបើកបរ​រថយន្ត​បង្ករ​ហេតុ​បាន​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់ ។ ចំណែកឯ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅធ្វើ​ការសង្គ្រោះ​អាយុជីវិត​នៅ​មន្ទីរពេទ្យ​ប្រតិ​ប​ត្ត​ស្រុក​ខ្សាច់កណ្តាល និង​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ។ ដោត​ឡែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចរាចរណ៍​ស្រុក​ខ្សាច់កណ្តាល​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕New Picture (1) (1) New Picture