​ក្រុមហ៊ុន Manulife បរិច្ចាគ​ថវិកា​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប

0

​ខេត្តសៀមរាប នៅ​ចុង​សបា្ត​ហ៏​នេះ​ក្រុមហ៊ុន Manulife ដែលជា​អ្នក​ឧបត្ថម្ភ​ធំ សម្រាប់​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង ខួប​ទី​២០ ឆ្នាំ​២០១៥ នៅ​អង្គរវត្ត បាន​បរិច្ចាគ​ថវិកា​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​(​ខេត្តសៀមរាប​) ដែលជា​មន្ទីរពេទ្យ​ផ្តល់​សេវា​ពិនិត្យ ព្យាបាល​ជម្ងឺ​កុមារ​ដោយ​ឥត​បង់ប្រាក់ ។​
វេជ្ជបណ្ឌិត ងួន ចាន់​ភ​ត្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ឲ្យ​ដឹង​សាវតា​នៃ​មន្ទីរពេទ្យ​កុមារ​មួយ​នេះ​ថា ៖ លោក ខេន រ៉ូ ដែលជា​អ្នក​ថតរូប​ជនជាតិ​ជប៉ុន​ដ៏​ល្បីល្បាញ គឺជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ។ លោក​បាន​ផ្តួច​ផ្តើមកសាង​មន្ទីរពេទ្យ​មួយ​នេះ​នៅក្នុង​ឆ្នាំ​១៩៩៣ ខណៈពេលដែល​លោក​បានមក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប និង​ថតរូប​នៅ​ប្រាសាទអង្គរវត្ត ដោយសារតែ​លោក​មាន​អារម្មណ៍​សោកសង្រេង នៅពេលដែល​បានឃើញ​កុមារ​កម្ពុ​ជាមាន​ជម្ងឺ ខ្វះ​អាហារូបត្ថម្ភ ដែល​បណ្តា​មកពី​សង្គ្រាម ។ លោក ខេន រ៉ូ បាន​បង្កើត​អង្គការ​មិត្ត​គ្មាន​ព្រំដែន​នៅក្នុង​ឆ្នាំ ១៩៩៦ ក្រោម​ការជួយជ្រោមជ្រែង​ដោយ​ក្រុមប្រឹក្សាភិបាល​ផ្នែក​ឯកទេស​សុខាភិបាល​លំដាប់​អន្តរជាតិ សមាគម​ផ្នែក​វិចិត្រសិល្បៈ និង​មាន​អ្នកផ្តល់ជំនួយ​ប្រមាណ​ជា ៦ ០០០​នាក់ មកពី​គ្រប់ទិសទី​លើ​សាកលលោក មន្ទីរពេទ្យ​កុមារ​អង្គរ​ត្រូវបាន​បង្កើត និង ដំណើរការ​នៅក្នុង​ឆ្នាំ ១៩៩៩ ។
លោក នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បានបង្ហាញ​ឲ្យ​ដឹងថា ៖ ជា​រៀងរាល់ឆ្នាំ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ជួយ​ព្យាបាល​ជម្ងឺ​កុមារ ប្រមាណ​ជាង ១៥​ម៉ឺន​នាក់ និង​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​សុខាភិបាល​ផងដែរ ជាមួយនឹង​បេសកម្ម​ចុះ​សេវា​អប់រំ​សុខភាព ពិនិត្យ ព្យាបាល ជម្ងឺ​កុមារ​នៅ​មូលដ្ឋាន​ជនបទ ។ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន Manulife ជាមួយនឹង​ការបរិច្ចាគ​ថវិកា ២៥ ០០០​ដុល្លា សម្រាប់​ជា​ប្រយោជន៍​ដល់​ការជួយ​សង្គ្រោះ​ជីវិត​កុមារ ឲ្យ​ចាក​ចេញពី​ការគំរាមកំហែង​សុខភាព ដោយសារ​ជម្ងឺ​ផ្សេងៗ​នោះ ។​
​លោក ROY GORI​ប្រធាន​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Manulife ប្រចាំ​តំបន់​អាស៊ី មានប្រសាសន៍ថា ក្រុមហ៊ុន Manulife មាន​ប្រពៃណី​ផ្សារភ្ជាប់​ធុរកិច្ច​របស់ខ្លួន​ជាមួយនឹង​កិច្ច​ការជួយ​សង្គម​លើ​វិស័យ​មនុស្សធម៌ ។ លោក​បាន​បន្តថា Manulife បាន​ជួយ​ដល់​ប្រជា​សហគមន៍​នៅ​ទូទាំង​តំបន់​អាស៊ី​ជាច្រើន​ឆ្នាំ​មកហើយ ហើយក៏​កំពុង​ជួយ​បន្តទៀត ។ លោក​បានបង្ហាញ​អារម្មណ៍​ថា ៖ Manulife ពិតជា​សោមនស្ស និង​មាន​មោទនភាព ដែល​បានរួម​ចំណែក​គាំទ្រ​ដល់​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​កុមារ​អង្គរ ។ វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ដែល​ចាប់តាំងពី​ឆ្នាំ​១៩៩៩ មកទល់នឹង​បច្ចុប្បន្ននេះ មន្ទីរពេទ្យ​កុមារ​អង្គរ ព្យ​បាលជ​ម្ងឺ​ជូន​កុមារ​កម្ពុជា បាន​ប្រមាណ ១​លាន ៥​សែន​នាក់ ។ លោក​បន្តទៀតថា ការគាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​ឆន្ទៈ​របស់​ក្រុមហ៊ុន ដើម្បី​បាន​ជួយ​ដល់​ក្រុមគ្រួសារ​កម្ពុជា កសាង​អនាគត​ដ៏​ប្រសើរ​មួយ ព្រោះ​កុមារ គឺជា ទំពាំង​ស្នង​ឬ​ស្សី ៕
AA103401.Still003 AA103401.Still002 AA103401.Still001