ខេត្តកំពង់ឆ្នាំង៖ បុរសសញ្ជាតិវៀតណាមម្នាក់ និងជាថៅកែនេសាទត្រីប្រើឧបករណ៍អូសអួន ត្រូវបានជនមិនស្គាល់មុខ២នាក់ ឡើងលើកាណូតកាប់ប្រហារអោយរងរបួសជាទម្ងន់ និងបានស្លាប់នៅពេលដឹកដល់ពាក់កណ្តាលផ្លូវ បំរុងយកទៅសង្គ្រោះនៅមនី្ទរពេទ្យខេត្តកំពង់ឆ្នាំង ដែលគេសង្ស័យថាជារឿងគុំនំក្នុងមខរបរនេសាទដូចគ្នា។ ឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ទាបភ្លឺថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ភូមិស្លត ឃុំផ្លូវទូក ស្រុកបរិបូណ៌ ពេលដែលបុរសរងគ្រោះ និងកម្មករស្រីម្នាក់ទៀត អង្គុយនៅលើកាណូតឌុកដឹកត្រី។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ ថៅកែនេសាទត្រីរូបនោះមានឈ្មោះ ជ្រិន យ៉ាំង
កុង អាយុ៤២ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ សមត្ថកិច្ចបានដកស្រង់សំដី ស្ត្រីជាជនជាតិវៀតណាម្នាក់ជាកម្មករ និងជាសាក្សីនៅកន្លែងកើតហេតុ អោយដឹងថា៖ មុនពេលកើតហេតុ បុរសរងគ្រោះ ដែលជាថៅកែបានដឹកនាំកម្មករទៅនេសាទត្រី ដូចសព្វដង។ ពេលទៅដល់កន្លែងកើតហេតុ ក្រុមកម្មករដទៃទៀតជាច្រើននាក់បានចេញទៅអូសអួនដោយទុកថៅកែរបស់ខ្លួន និងកម្មករស្រីម្នាក់ទៀតឈ្មោះ ឡេ ធីយ៉ុង អាយុ២២ឆ្នាំ អោយនៅចាំលើកាណូតឌុកធំ ដែលជាកាណូតសម្រាប់ដឹកត្រី ។
នៅពេលកើតហេតុគឺម៉ោងជាង៤ជិតភ្លឺ ស្រាប់តែមានកាណូតមួយគ្រឿងទៀត បានបើកមកឈប់ជិតកាណូតជនរងគ្រោះ ដោយមានជនពុំស្គាល់មុខ២នាក់បានហក់ឡើងលើកាណូតជនរងគ្រោះ និងបាននិយថាសុំត្រីស៊ីផង តែពេលនោះជនរងគ្រោះឆ្លើយថា មិនទាន់មានត្រីទេ ក៏ស្រាប់តែជនដៃដល់ទាំង២នាក់នោះ បានកាប់ប្រហារមកលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលអោយរងរបួសជាទម្ងន់រួចបានហក់ឡើងកាណូតរបស់គេ គេចខ្លួនចេញទៅវិញបាត់ ចំណែកស្ត្រីជាកម្មករនៅលើកាណូតនោះ គេមិនកាប់អោយរបួសទេ។ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានក្រុមកម្មករដឹកយកទៅសង្គ្រោះ តែបានស្លាប់ពេលដឹកដល់ពាក់កណ្តាលផ្លូវ និងបានដឹកសពត្រឡប់ទៅលំនៅដ្ឋានក្នុងភូមិឆ្នុកទ្រូវិញ ។
ករណីនេះសមត្ថកិច្ចជំនាញនគរបាលខេត្ត និងស្រុកបានសហការគ្នា ចុះទៅត្រួតពិនិត្យធ្វើកោសលពិច្ច័យលើជនរងគ្រោះឃើ ញមានស្នាមកាប់ត្រូវចំ៧កន្លែង មានលើក្បាល ខ្នង និងដៃ ហើយបានដាក់ការសង្ស័យជំហ៊ានដំបូងថា៖ ជារឿងគំនុំក្នុងរឿងទំនាស់ក្នុងមុខរបរនេសាទដូចគ្នា ហើយសពជនរងគ្រោះត្រូវបានសមត្ថកិច្ចអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕



































