នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់អគ្គស្នងការនគរបាលជាតិ បើកវគ្គបំប៉ននិតិវិធីប្រតិបត្តការ

0

ខេត្តកំពង់ឆ្នាំង៖ « មន្ត្រីនគរបាលចរាចរណ៍ មុននឹងផាកពិន័យអនុវត្តច្បាប់ចរាចរណ៍ទៅលើអ្នកដទៃ ត្រូវធ្វើគំរូគេជាមុនសិន ពេលបើកម៉ូតូត្រូវមានកញ្ចក់មើលក្រោយ ពាក់មួកសុវត្ថិភាព បើករថយន្តពាក់ខ្សែក្រវ៉ាត់ និងមានផ្លាកលេខត្រឹមត្រូវ ជៀសវាងការរិះគន់ពីមជ្ឈដ្ឋានទូទៅ » នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងកិច្ចប្រជុំបំប៉ននីតិវិធីប្រតិបត្តការ និងក្រមសីលធម៌ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីនគរបាលចរាចរណ៍ក្រុង ស្រុកទាំង៨មានចំនួន៦១នាក់។
លោក ឡុច វណ្ណារ៉ា ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ បានលើកឡើងនៅក្នុងវគ្គបំប៉នខាងលើនេះថា៖ បញ្ហាប្រឈមនៅក្នុងខេត្តកំពង់ឆ្នាំងក្នុងឆ្នាំនេះ គឺមានប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ៣៥% មិនទាន់យល់ និងមិនគោរពច្បាប់ចរាចរណ៍ នៅក្នុងនោះដែរក៍មានប្រជាពលរដ្ឋប្រមាណជាង៣០% លែងសត្វពាហនៈនៅលើផ្លូវសាធារណៈ ជាហេតុបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ជាក់ស្តែងក្នុងគ្រោះថ្នាក់ចរាចរណ៍ជាង៧០ករណី សម ត្ថកិច្ចបានរកឃើញអ្នកបើកបរម៉ូតូ បានពាក់មួកសុវត្ថិភាពមានតែជាង២០នាក់ប៉ុណ្ណោះ។ដោយឡែកយានយន្តកែច្នៃមួយចំនួន មិនមានភ្លើងបំភ្លឺ ដែលករណីនេះមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ត្រូវតែរឹត បណ្តឹងច្បាប់ និងអនុវត្តការផាកពិន័យយានយន្តដែលពុំគោរពច្បាប់ចរាចរណ៍ អោយបានម៉ឺងម៉ាត់ សំដៅទប់ស្កាត់ការកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ក្នុងខេត្តថា៖ មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវខិតខំអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសគឺការផាកពិន័យបទល្មើសលហុ ដែលចាប់ពីខែមករា ឆ្នាំ២០១៦តទៅ ការផាកពិន័យទាំងអស់ត្រូវគុណទ្វេ១និង៥ដង ដែលត្រូវតែអប់រំនិងផ្សព្វអោយប្រជាពលរដ្ឋបានដឹងនិងជ្រួតជ្រាប។
ដោយឡែកលោកបានបញ្ជាក់ថា៖ ឯកឧត្តមអគ្គស្នងការនគរបាលជាតិបានលើកឡើងថា មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ត្រូវអនុវត្តនីតិវិធីប្រតិបត្តការប្រកបដោយក្រមសីលធម៌ និងមានវិន័យម៉ឺងម៉ាត់ ប្រសិនបើមានគេផ្សព្វផ្សាយ ឬបង្ហោះតាមហ្វេស្បុគឃើញមានមន្ត្រីនគរបាលចរាចរណ៍ជិះម៉ូតូអត់ពួកសុវត្ថិភាព អត់កញ្ចក់មើលក្រោយ ឬជិះរថយន្តមិនពាក់ខ្សែក្រវ៉ាត់ អត់ផ្លាកលេខ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ នឹងមិនអត់អោនអោយឡើយ ដោយត្រូវតែអនុវត្តវិន័យរបស់កងកម្លាំងយ៉ាងម៉ឺងម៉ាត់ ឬត្រូវបញ្ឈប់ពីការងារតែម្តង។
នៅក្នុងវគ្គបំប៉ននេះដែរ ក៍មានការធ្វើបទបង្ហាញអំពីការអនុវត្តនីតិវិធីនិងក្រមសីលធម៌ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់អោយបានជ្រួតជ្រាប និងដើម្បីយកទៅអនុវត្តអោយបានជោគ ជ័យ នៅក្នុងកិច្ចប្រតិបត្តិការដែលជាតួនាទីរបស់ខ្លួន៕