ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវគេស្គាល់ថាជាបងប្រុសបង្កើតរបស់តារាចម្រៀងដែលកំពុងតែពេញនិយមលោក ឆាយ វីរៈយុទ្ធ ឈ្មោះ ឆាយ ពៅ អាយុ៣៥ឆ្នាំមុខរបរអ្នកលេងភ្លេង ស្នាក់នៅភូមិស្នែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុង ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៨ខែឧសភាឆ្នាំ២០១៤ ត្រង់ចំណុចហាងអិនធឺណេត ស៊ីអេចណេត តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ សេង ចាន់ស៊ីណា ភេទស្រីអាយុ២៧ឆ្នាំមុខរបរជាអ្នកសិល្បៈ មានទីលំនៅផ្ទះលេខ២៧ ផ្លូវ83BT ក្រុម៦ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានអោយដឹងថា កាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែមេសាឆ្នាំ២០១៤កន្លងទៅ នារីរងគ្រោះកំពុងស្នាក់នៅផ្ទះរបស់នាងបន្ទាប់មកស្រាប់តែឈ្មោះ ឆាយ ពៅ បានទូរស័ព្ទមកនាងថាស្អែករូបគេជួលឧបករណ៍ភ្លេង (អ័ក) លេងមួយភ្លែត ខណៈពេលនោះឈ្មោះ ឆាយ ពៅ បានព្យាយាមនិយាយលួងលោមនាងចង់បានឧបករណ៍ភ្លេងទាំងយប់ ប៉ុន្តែនាងមិនព្រម ដោយរូបនាងប្រាប់ថាចាំព្រឹកចាំមកយករួចនាងក៏ដាក់ទូរស័ព្ទចុះ។
លុះព្រឹកឡើងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី២១ខែមេសា រូបនាងកំពុងសំរាកឈ្មោះ ឆាយ ពៅ ក៏បានមកយកឧបករណ៍ភ្លេង(អ័ក) ដោយជួបជាមួយម្ដាយនាងជាអ្នកប្រគល់អោយ ពេលនោះឈ្មោះ ឆាយ ពៅ បានយកឧបករណ៍ទៅបាត់រហូតដល់សព្វថ្ងៃ ហើយរូបនាងបានព្យាយាមទំនាក់ទំនងទៅប៉ុន្តែរូបគេបានបិតទូរស័ព្ទ ទើបរូបនាងសម្រេចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីសុំការអន្តរាគមន៍ស្វែងរកឈ្មោះ ឆាយ ពៅ អោយប្រគល់ឧបករណ៍ភ្លេងអោយរូបនាងវិញ។
បន្ទាប់ពីសមត្ថកិច្ចសួរនាំពីឧបករណ៍ឈ្មោះ ឆាយ ពៅ បានប្រាប់ថារូបគេបានយកទៅដាក់បញ្ចាំយកលុយចាយអស់ហើយ។ បច្ចុប្បន្នបុរសខាងលើត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍បឹងទំពុងឃាត់ខ្លួននិងសួរនាំដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕