កំពង់ធំៈ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ លោក កែវ ហួរ ស្នងការង និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានដឹកនាំ មន្ត្រីក្រោមឳវាទ សហការជាមួយ នគរបាលខេត្ត ក្រុង រួមទាំងមន្ត្រីកងរាជអាវុធហត្ថខេត្ត ចំនួន១៨នាក់ ចុះត្រួតពិនិត្យការប្រើប្រាស់យានយន្តគ្រប់ប្រភេទ នៅលើផ្លូវសាធារណៈ និងធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីបញ្ជ្រៀសអាត្រាគ្រោះថ្នាក់ចរាចរណ៍ ការដាក់កម្លាំងត្រួតពិនិត្យគឺត្រូវបានធ្វើឡើង នៅវេលាម៉ោង ៩.៣០នាទីយប់ថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ ២០១៥។
លោក វរៈសេនីយ៍ត្រី សូ ជែ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់ឲ្យដឹងថា ក្រោយពីបានដាក់កម្លាំងចម្រុះដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍របស់ ប្រជាពលរដ្ឋ បានសង្កេតឃើញថា ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន គឺគាត់មានការយល់ដឹងពីច្បាប់ច្រើន ដែលទទួលបានពីការផ្សព្វផ្សាយនានា តាមមូលដ្ឋាន វិទ្យាល័យ សហគមន៍ និងក្នុងពិធីផ្សព្វផ្សាយនានា ចំណែកការបើកបរដោយគ្រឿងស្រវឹងគឺ មានភាគតិច ចំណែកប្រជាពលរដ្ឋ គឺគាត់មានបញ្ហាពាក់ព័ន្ឋទៅនឹងឯកសារពាក់ព័ន្ឋនិងយានយន្តរបស់គាត់ មានការយឺតយ៉ាវ ជាពិសេសការត្រួតពិនិត្យនេះ គឺជាការឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកផង អប់រំផង ។
លោក កែវ ហួរ ស្នងការង បានឲ្យដឹងថា ការដាក់កម្លាំងចម្រុះ ដើម្បីត្រួតពិនិត្យយានយន្តគ្រប់ប្រភេទនេះ គឺជាការស្ទៀបស្ទង់ចំណេះដឹងរបស់អ្នកបើកបរយានយន្ត ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក៏ដូចជាការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ ឲ្យកម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចុះអនុវត្តនិងរឹតបន្តឹងការបើកបរ ដោយរថយន្តខុសបច្ចេកទេស ភ្លើងស្តប់ ចង្គៀងមុខ ប័ណ្ណបើកបរ ឈៀកអាជីវកម្ម មិនពាក់មួកសុវត្តិភាព និងការប្រើប្រាស់ជាតិអាកុលក្នុងពេលបើកបរ សម្រាប់ជនណាពិនិត្យឃើញមានជាតិស្រវឹង និងត្រូវបានឲ្យដេកសម្រាកទីតាំងសុវត្តិភាព ឲ្យស្វាងទើប បានឲ្យធ្វើដមណើរទៅមុខ ចំពោះអ្នកដែលប្រព្រឹត្តខុសនឹងច្បាប់ និងត្រូវបានអប់រំផ្សព្វផ្សាយបន្ថែម ចំណែក នៅថ្ងៃទី១ ខែ មករា ឆ្នាំ២០១៦ និងត្រូវបានអនុវត្តតាមច្បាប់។
ដោយ ប៊ុន រដ្ឋា



































