អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​ប្រជាពលរដ្ឋ​ជាង​៨០០​នាក់​សម្អាត​ប្រឡាយ​បង្ហូរទឹក​ចេញពី​បារាយណ៍​ខាងលិច​

0

​សៀមរាប​៖ ប្រជាពលរដ្ឋ​ជាង​៨០០​នាក់​មកពី​៤​ឃុំ​សង្កាត់ នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​សម្អាត​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក ចេញពី​បារាយណ៍​ខាងលិច ដែលជា​ប្រភពទឹក​ដ៏​សំខាន់ សម្រាប់​ប្រជា​សហគមន៍​ចំនួន​៩​ឃុំ​សង្កាត់WP_20151209_014​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​ពួក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​។
​ការចូលរួម​សម្អាត​ប្រឡាយ​នៅពេលនេះ ធ្វើឡើង​ដើម្បី​ថែ​ទាំង​ប្រព័ន្ធ​ប្រឡាយ​មេ ធានា​ការប្រើប្រាស់​យូរអង្វែង ក៏ដូចជា​បំពេញតម្រូវការ​ជាក់ស្តែង​សម្រាប់​ការងារ​បង្កបង្កើនផល​នា​រដូវប្រាំង ខាងមុខនេះ​។​
​លោក ហួត ហាយ ប្រធាន​សមាគម​កសិក​រ​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិច បាន​ឲ្យ​ដឹង​ក្នុងពេលដែល​លោក​កំពុង​ដឹក​ប្រជាពលរដ្ឋ​សម្អាត​ប្រឡាយ​នេះ​ថា សមាគម​របស់​លោកមា​ន​ប្រជាពលរដ្ឋ​៩​ឃុំ​សង្កាត់ និង​មាន​ផ្ទៃដី​ធ្វើស្រែ​ប្រាំង​ចំនួន​៤​ពាន់​ហិកតា​។ លោក​បញ្ជាក់ថា ចាប់តាំងពី​អាជ្ញាធរ​ជាតិ​អប្សរា​បានទទួល​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​នៅ​បារាយណ៍​ខាងលិច​មក កសិករ​យើង​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​បង្កបង្កើន​ផល មិនមាន​ការបារម្ភ​ពី​កង្វះខាត​ទឹក​នោះទេ​។ ការសម្អាត​ប្រឡាយ​នៅពេលនេះ គឺ​ជួយ​សម្រួល​ទឹក​ឲ្យ​បាន​ហូរ​លឿន អាច​ស្រោចស្រព​ដល់​ស្រែប្រាំង ដែល​នៅ​ខាងក្រោមៗ​។​
​ជំទប់​ទី​១​នៃ​ឃុំ​ខ្នាត លោក មឿ​ន ឈឿត បញ្ជាក់ថា ស្រែប្រាំង​នៅក្នុង​ឃុំ​របស់លោក​មាន​៣៨០​ហិកតា​។ លោក​ក៏​សម្តែង​សេចក្តី​រីករាយ​ផងដែរ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួយ​ស្តារ និង​កាយ​ប្រឡាយ​ចាស់ៗ​មួយចំនួន​ក្នុង​ឃុំ​របស់លោក បាន​ប្រើប្រាស់​ឡើងវិញ​។ លោក​បន្ថែមថា សព្វថ្ងៃនេះ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ទឹក​ធ្វើ​កសិកម្ម អាជ្ញាធរ​ជាតិ​អប្សរា តែង​ជួយ​ដោះស្រាយ​ទាន់ពេលវេលា​មិនដែល​ខកខាន​ឡើយ​។​
​លោក ជូ រ៉ា​ឌី​ណា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​បញ្ជាក់ថា ចាប់ពី​ទទួលបាន​គោលការណ៍​គ្រប់គ្រង​ទឹក និង​ទ្វារ​ទឹក​នៅ​បារាយណ៍​ខាងលិច​ពី​រាជរដ្ឋាភិបាល រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ យើង​បាន​សហការគ្នា​ល្អ​ណាស់​ជាមួយ​សហគមន៍​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិច​។ យើង​បាន​ជួបពិភាក្សា​ជាមួយ​ពួកគាត់​ជា​ញឹកញាប់ អំពី​តម្រូវការ​របស់​ពួកគាត់ និង​អ្វីដែល​យើង​ត្រូវធ្វើ​បន្ថែមទៀត​។ យើង​សង្កេតឃើញថា បច្ចុប្បន្ន​ពួកគាត់​រីករាយ​ណាស់ ដោយសារ​មានទឹក​គ្រប់គ្រាន់​សម្រាប់​ការងារ​បង្កបង្កើនផល​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​បានប្រគល់​ការងារ​គ្រប់គ្រង​ទឹក និង​ទ្វារ​ទឹក​នៅ​បារាយណ៍​ខាងលិច ជូន​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​តម្រូវការ​ទឹក​សម្រាប់​ស្រូវ​ចំនួន​១២០០០​ហិកតា (​ស្រូវវស្សា​៨០០០​ហិកតា ស្រូវប្រាំង​៤០០០​ហិកតា​) និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ចំនួន​១០០០​ហិកតា និង​ធានា​ដោះស្រាយ​រាល់​បញ្ហា​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។ បន្ទាប់ពី​បានទទួល​គោលការណ៍​នេះហើយ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល ស្តារឡើងវិញ​ជាបន្ទាន់​នូវ​ទ្វារ​ទឹក និង​ប្រព័ន្ធ​ប្រឡាយ​នៃ​បារាយណ៍​ខាងលិច ដែល​ការងារ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានទឹក​គ្រប់គ្រាន់​សម្រាប់​ការបង្កបង្កើន​ផល​បាន​គ្រប់​រដូវ​។
​ការចូលរួម​សម្អាត​ប្រឡាយ​របស់​ប្រជាកសិករ​ក្នុង​ពេលនេះ គឺជា​ការបញ្ជាក់​ពី​ការគាំទ្រ ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ លើ​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ និង​ការងារ​គ្រប់គ្រង​ទឹក​ក្នុង​រមណីយដ្ឋាន​អង្គរ​។ អាជ្ញាធរ​ជាតិ​អប្សរា សូម​គាំទ្រ​និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស ក៏ដូចជា​កិច្ចការ​សង្គម​ផ្សេងៗ​ទៀត​៕WP_20151209_012 WP_20151209_010 WP_20151209_009 WP_20151209_011ដោយ វេហាស៍