ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាស សាលក្រមម្តងទៀត ទៅថ្ងៃក្រោយ ករណីជនបរទេស៣នាក់ ចោទជាប់ពីបទ ដឹកជញ្ជូនដោយ ខុសច្បាប់នូវសាធាតុញៀនឆ្លងដែន ប្រភេទហេរ៉ូអ៊ីនទម្ងន់២គីឡូក្រាម ពីកម្ពុជា ទៅប្រទេស អូស្ត្រាលី តែត្រូវសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា ។
ជនបរទេសទាំង៣នាក់នេះមានឈ្មោះ Precious Chineme Nwoko ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ឈ្មោះ Charlence Savirino ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិអូស្ត្រាលី និងឈ្មោះ Yoshe Ann Paylor ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិបារាំង។ ពួកគេទាំង៣នាក់ បានត្រូវសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង នៅផ្ទះជួលលេខ១៧B ផ្លូវលេខ៥១០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
គួររំលឹកថា ពេលដែលមានស្ត្រីជនជាតិបរទេស២នាក់ បានមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីនោះ ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់២គីឡូក្រាម រួចក៏ធ្វើការឃាត់ខ្លួនដើម្បីសាកសួរ តែម្តង។ យោងតាមចម្លើយសារភាពរបស់ ជនសង្ស័យ សមត្ថកិច្ចបានឈានទៅ ឃាត់ខ្លួនជនបរទេសម្នាក់ទៀតនៅផ្ទះជួល ក្នុងខណ្ឌចំការមន៕