កំពង់ឆ្នាំង៖ សិក្ខាកាមជាគ្រូបង្គោលនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាចំនួន២៤នាក់ បានបញ្ចប់វគ្គបំប៉ នសមត្ថភាពផ្នែកហ្វឹកហ្វឺនបច្ចេកទេសកំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោយសម័យសង្គ្រាម ដោយទទួលបាននិទ្ទេសល្អប្រសើរទាំងអស់ នេះបើយោងតាមប្រសាសន៍របស់លោក សាកូ ណាហ្គាតូហ្សី ប្រធានអង្គការJMASជប៉ុនប្រចាំប្រទេសកម្ពុជា។ការប្រគល់សញ្ញាប័ត្រជូនដល់សិក្ខាកាមទាំងអស់បានធ្វឡើងនាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងវិទ្យាស្ថានកំចាត់មីនកម្ពុជាកំពង់ឆ្នាំង ក្រោមអធិបតីភាព អ៊ុំ សុជាតិ ប្រធានវិទ្យាស្ថានកំចាត់មីនកម្ពុជា។
ក្នុងឱកាសនោះ លោក សាកូ ណាហ្គាតូហ្សី ប្រធានអង្គការJMASបានថ្លែងកោតសសើរដល់សិក្ខាកាមដែលជាគ្រូបង្គោលកម្ពុជាទាំង២៤រូបថា៖ សុទ្ធតែជាអ្នកដែលមានជំនាញ និងមានទេពកោសល្យល្អ ហើយទទួលបានលទ្ធផលល្អប្រសើរទាំងអស់ក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺនបំបប៉នចំណេះដឹងផ្នែកហ្វឹកហ្វឺនបច្ចេកទេសកំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម ព្រោះថាក្នុងពេលសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ សិក្ខាកាមកម្ពុជាទាំងអស់បានយកចិត្តទុកដាក់រៀនសូត្រ ដោយបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកបានយ៉ាងល្អ ជាមួយគ្រូហ្វឹកហាត់ប្រទេសជប៉ុន។
ដោយឡែក អ៊ុំ សុជាតិ ប្រធានវិទ្យាស្ថានហ្វឹកហ្វឺនកំចាត់មីនកម្ពុជាបានមានប្រសាសន៍ថា៖ ក្រោយពេលដឹងថា សិក្ខាកាមកម្ពុជាយើងទទួលបានលទ្ធផលល្អប្រសើរក្រោយពេលបញ្ចប់វគ្គសិក្សាផ្នែកហ្វឹកហ្វឺនបច្ចេកទេសកំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាទាំងអស់មានមោទនភាពក្រៃលែង ដោយសារគ្រូបង្គោលកម្ពុជាដែលបានបញ្ចប់វគ្គទាំង២៤រូប នឹងត្រូវទៅបំពេញបេសកម្មរបស់ខ្លួនជាគ្រូបង្ហាត់ហ្វឹកហ្វឺនដល់កងកម្លាំងស៊ីម៉ាក់ដទៃទៀតនៅតាមបណ្តាខេត្តនានាក្នុងប្រទេស ពិតជាទទួលបានលទ្ធផលល្អដូចគ្នា។
លោក អ៊ុំ សុជាតិ បានបន្តថា ក្នុងគំរោងឆ្នាំ២០១៥របស់អង្គការJMASនេះ បានចាប់ផ្តើមបណ្តុះបណ្តាលក្រុមហ្វឹកហ្វឺនបច្ចេកទេសកំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ បានចំនួន២៤នាក់ ដែលវគ្គហ្វឹកហ្វឺនបច្ចេកទេសកំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ សិក្ខាកាមកម្ពុជាបានទទួលលទ្ធផលគួរជាទីគាប់ប្រសើរ។ លើសពីនេះយើងត្រូវយកចំណេះដឹងនេះទៅចែករំលែកបន្តដល់កងកម្លាំងស៊ីម៉ាក់ផ្សេងៗទៀត ក្នុងការកំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាមនៅកម្ពុជា ពិជាមានការទទួលខុសត្រូវខ្ពស់ មានសុវត្ថិភាព ដើម្បីលើកស្ទួយដល់ជីវភាពប្រជាកសិករ ដែលពួកគាត់កំពុងទាមទារដីចំការមីន ចំការគ្រាប់ ទៅជាដីមានសុវត្ថិភាព សំរាប់ការបង្ករបង្កើនផលបង្កើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ៕