ខេត្តកំពង់ឆ្នាំង ៖ លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បាននិយាយអោយ ដឹងនៅព្រឹកថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៥ នេះថា៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៥នេះ បានថយចុះចំនួន១០៦ករណី បើប្រៀបធៀបឆ្នាំ២០១៤ គឺស្មើនឹង១២៤លើ២៣០ករណី( ១២៤/២៣០ ) ដែលបណ្តាលអោយមនុស្សស្លាប់៦៩នាក់ ដែលឆ្នាំចាស់២០១៤ មានអ្នកស្លាប់ទៅដល់១០៣នាក់ គឺបានថយចុះពីឆ្នាំចាស់ចំនួន៣៤នាក់”។
លោក ឈឹម សារុន បានអោយដឹងទៀតថា៖ គ្រោះថ្នាក់ចរាចរណ៍រយៈពេលក្នុងមួយឆ្នាំ២០១៥ គឺគិតពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺកើតឡើង ចំនួន១២៤លើក ដោយបានបង្កអោយ មនុស្សស្លាប់ចំនួន៦៩នាក់ (ស្រី១៣នាក់) រងរបួសសរុបចំនួន២៦២នាក់ (ស្រី១៥៧នាក់) ក្នុងរងរបួសធ្ងន់១០៣នាក់(ស្រី ៣១នាក់) ។
បង្កការខូចខាតរថយន្តសរុបចំនួន៧៨ គ្រឿង (ធ្ងន់២៨គ្រឿង) ដោយខូចខាតម៉ូតូចំនួន១០៨គ្រឿង
(ធ្ងន់៤០គ្រឿង ) ខូចកង់៦គ្រឿង និងគោយន្ត១២គ្រឿង ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ទាំង ១២៤លើក
គឺបានកើតឡើងនៅស្រុកសាមគ្គីមានជ័យ ចំនួន២០លើក ស្រុកកំពង់ត្រឡាច១៥លើក ស្រុករលាប្អៀរ
៤៤លើក ក្រុងកំពង់ឆ្នាំង១៤លើក ស្រុកបរិបូណ៌២២លើក ស្រុកទឹកផុស៦លើក និងនៅស្រុកកំពង់លែង
៣លើក ។ គ្រោះថ្នាក់ទាំងអស់នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ចំនួន៧៨លើក លើផ្លូវលេខ៥៣ចំនួន៧លើក លើផ្លូវលេខ១៥៣ Aចំនួន៤លើក លើផ្លូវលេខ១៥០ ចំនួន១លើក លើផ្លូវ១៥០Bចំនួន១លើក ផ្លូវក្នុងខេត្តចំនួន១២លើក និងលើផ្លូវក្រាលគ្រួសក្រហមចំនួន២១លើក ។
ដោយឡែកនាយប្រធានការិយាល័យបានបញ្ជាក់ពីមូលហតុដែលនាំអោយមានគ្រោះថ្នាក់ចរា ចរណ៍គឺ កើតឡើងដោយសារ បើកបរហួសល្បឿនកំណត់៣៨លើក , បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់
២៦លើក , បើកបរក្នុងស្ថានភាពស្រវឹង១៧លើក , បើកបត់ឆ្វេងស្តាំមិនប្រយ័ត្ន ៦លើក , បញ្ហាសុខភាព
(បើកងោក)៦លើក , បើកបរមិនគោរពសិទ្ឋអទិភាព១៥លើក , ប្តូរគន្លងមិនប្រយ័ត្ន ៥លើក , កំហុសភ្លើងហ្វា១លើក, មិនគោរពស្លាកសញ្ញាចរាចរណ៏ ១លើក , មិនចេះបើកបរ១លើក, កត្តាយានយន្ត (បែកកង់ ខូចចង្កូតគ្មានភ្លើងបំភ្លឺ ) ៦លើក និងកតា្តផ្លូវ ២លើក ។
ចំពោះមូលហេតុ ដែលនាំអោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះវិញ លោក ឈឹម សារុន បាននិយាយអោយថា៖ គឺដោយសារប្រជាពលរដ្ឋ សិក្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ទាំងអស់ភ្ញាក់រលឹក យល់ដឹង និងបានគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដោយនៅសល់តែមួយចុះនួនតូច។
លោកសូមអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលប្រើប្រាស់ដងផ្លូវសាធារណៈ សួមបន្តចូលរួមគោរពច្បាប់ចរាចរណ៍អោយបានទាំងអស់គ្នា ដោយកុំបើកបរក្នុងស្ថានភាពស្រវឹង និងត្រូវចេះដឹងក្នុងការបើកបរ ដោយត្រូវចេះយល់យោគ អនុគ្រោះនិងអធ្យាស្រ័យគ្នា ( សុភាសិត៖ ធម៌ខន្តីតែងនាំមកនូវសេចក្តីសុខ ) នោះទើបអាចកាត់បន្ថយមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃបាន ៕




































