បន្ទាយមានជ័យ ៖ ទីតាំងផលិតទឹកសុទ្ធ និងទឹកកកអនាម័យ មិនទាន់មានច្បាប់អនុញ្ញាតមួយកន្លែងស្ថិតនៅខាងកើតស្រះស្ទូតត្រី ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងផលិតចែកចាយនឹងត្រូវមន្ត្រីជំនាញរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយ
មានជ័យ ចុះធ្វើការត្រួតពិនិត្យនៅរសៀលម៉ោង២ ថ្ងៃទី១៤ ធ្នូ ២០១៥ នេះ ។ទីតាំងសិប្បកម្មដែលមន្ត្រីជំនាញនឹងចុះធ្វើការត្រួតពិនិត្យខាងលើ ត្រូវបានគេដឹងថា បានបង្កើតឡើងជាងមួយឆ្នាំមកហើយ ដោយផលិតទឹកកក និងទឹកសុទ្ធគ្មានស្លាកយីហោច្បាស់លាស់ ចែកចាយពេញក្រុងប៉ោយប៉ែត ។ ហើយជាមួយគ្នានេះផងដែរ ម្ចាស់សិប្បកម្មផលិតទឹកសុទ្ធ និងទឹកកកអនាម័យនេះ ពេលដែលអ្នកសាព័ត៍មានសុំចុះយកព័ត៍មានដើម្បីដឹងថា មានឬគ្មានច្បាប់នោះ ម្ចាស់សិប្បកម្មដែលគេដឹងថា ជាជនជាតិវៀតណាម ពុំបានផ្តល់ព័ត៍មានអ្វីដល់អ្នកសារព័ត៍មានឡើយ ។ តែបើតាមការអង្កេតរបស់អ្នកសារព័ត៍មានពេលចុះដល់កន្លែងសិប្បកម្មនេះ គឺការផលិតទឹកសុទ្ធ ពុំត្រឹមត្រូវទៅតាមបច្ចេកទេស ឬមានអនាម័យឡើយ ដោយគ្រាន់តែបូមទឹកចេញពីក្បាលរ៉ូម៉ានេ ដោយគ្មានឆ្លងកាត់ប្រព័ន្ធចម្រោះបាញ់ចូលក្នុងប៊ីដុងទឹកសុទ្ធជាការស្រេច ហើយលក់ក្នុងតម្លៃ ៥០០រៀល ក្នុងមួយប៊ីដុងចំណុះ២០លីត្រ ។ លោក ញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ បានអោយដឹងថា ចំពោះទីតាំងសប្បកម្មខាងលើ ជាសប្បកម្មមួយដែលបានរត់ច្បាប់គ្រប់ដល់ក្រសួងហើយ តែនៅមិនទាន់ទទួលបានច្បាប់ ឬលិខិតអនុញ្ញាតត្រឡប់មកវិញនៅឡើយទេ ហើយបន្ទាប់ពីមានការរិះគន់ នៅរសៀលម៉ោង២ថ្ងៃនេះ មន្ត្រីជំនាញរបស់លោកនឹងចុះត្រួតពិនិត្យទីតាំងសិប្បកម្មដែលរងការរិះគន់ខាងលើ ។ លោកបន្តថា កន្លងមកខាងមន្ទីររបស់លោកសហការជាមួយមន្ត្រីកាំកុត្រូល និងព្រះរាជអាជ្ញា ធ្លាប់បានធ្វើការផាកពិន័យចំពោះសិប្បកម្មមួយកន្លែងដែលមានស្លាកយីហោ វីរ៉ា ក្រោយរកឃើញថា គ្មានច្បាប់អនុញ្ញាត្រឹមត្រូវ និងផលិតមិនទៅតាមបច្ចេកទេសស្តង់ដា ។ជាមួយគ្នានេះពលរដ្ឋសង្ឃឹមថា មន្រ្តីជំនាញដែលចុះត្រួតពិនិត្យ គួរមានវិធានការតឹងរឹងចំពោះសិប្បកម្មខាងលើ ក៏ដូចជាសិប្បកម្មដទៃទៀត ជៀសវាងការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ៕




































