ខេត្តសៀមរាប ៖ ប្រជានេសាទអ្នកនេសាទខ្មែរ ចំនួន១៥នាក់ នៅឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរងរបួសធ្ងន់និងស្រាល ដោយសារតែក្រុមជនជាតិវៀតណាមប្រមាណ៥០នាក់ព្រួតគ្នាវាយប្រហារ នៅក្នុងបឹងទន្លេសាប កាលពីរាត្រីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៥ជនរងគ្រោះម្នាក់ឈ្មោះលុយ នង នៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក បាននិយាយនៅព្រឹកថ្ងៃអង្គារទី១៥ខែធ្នូថា កាលពីរាត្រីថ្ងៃទី១៤ខែធ្នូកន្លងទៅគឺរូបគាត់និងអ្នកភូមិ១៤នាក់ទៀត បាននាំគ្នាចេញទៅដាក់មង នៅក្នុងអតីតតំបន់ឡូតិ៍ លេខ៤ នៃបឹងទន្លេសាប។ ក្នុងយប់នោះ ពួកគាត់ប្រទះឃើញកាណូតរបស់ជនជាតិវៀតណាម២គ្រឿងធំៗមកពីតំបន់ចុងឃ្នៀស ក្រុងសៀមរាប ដោយប្រើយ៉ាំងកាវ យ៉ាងវែងចាប់ផ្ដើមអូសយកត្រីខុសច្បាប់។
បុរសដដែលបញ្ជាក់ថាឃើញដូច្នេះ ក្រុមរបស់គាត់ ក៏ហាមមិនឱ្យជនជាតិវៀតណាមទាំងនោះ អូសទៅតំបន់ដែលពួកគាត់កំពុងដាក់មង ក៏ប៉ុន្តែជនជាតិវៀតណាមទាំងនោះមិនស្ដាប់ទេ គឺអូសទៅបំផ្លាញមង ហើយក៏ប្រើអំពើហឹង្សាតែម្ដង។
ជនរងគ្រោះដែលជាអ្នកនេសាទខ្មែរទាំងនោះ ខ្លះបានរងរបួសបែកក្បាល ត្រូវពេទ្យដេរជាច្រើនថ្នេរនិងខ្លះទៀតកំពុងគ្រាំគ្រា ដោយគ្រូពេទ្យបន្តោងសេរ៉ូម ជំនួយសុខភាពនៅឡើយ បន្ទាប់ពីក្រុមជនជាតិវៀតណាមប្រើឧបករណ៍ដែក និងពូថៅ ជាដើមវាយសំពងពួកគាត់។
អធិការនគរបាលស្រុកប្រាសាទបាគង លោកមិន ចន្ថា មានប្រសាសន៍ថាអំពើហឹង្សាដែលបង្កដោយជនជាតិវៀតណាមទាំងនោះ គឺកើតឡើងនៅកណ្ដាលបឹងទន្លេសាប ដោយមិនមានសមត្ថកិច្ចណាបានឃើញផ្ទាល់ភ្នែកទេ ។ លោកមិន ចន្ថា ចាត់ទុកជនជាតិវៀតណាមទាំងនោះថាបានប្រើអំពើហឹង្សាខុសច្បាប់ ហើយកម្លាំងប៉ូលីសកំពុងស្រាវជ្រាវរកមុខជនដៃដល់។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) ខេត្តសៀមរាប លោកនូ ពុទ្ធិ បានរិះគន់ថាជាញឹកញាប់ នៅពេលដែលសមត្ថកិច្ចចុះបង្ក្រាបម្ដងៗ គឺមិនដែលរកឃើញបទល្មើសនេសាទទេ ប៉ុន្តែពេលនេះជនជាតិវៀតណាមខ្លះ មិនត្រឹមតែនេសាទត្រីខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងបង្កអំពើហឹង្សា ធ្វើឱ្យអ្នកនេសាទខ្មែរភ័យខ្លាចទៀតផង ។ដូច្នេះសមត្ថកិច្ច មិនគួរបណ្ដែតបណ្ដោយឱ្យបញ្ហានេសាទខុសច្បាប់នៅតែកើតមានក្នុងបឹងទន្លេសាបទៀតទេ៕
ដោយ វេហាស៍