ខេត្តកំពង់ឆ្នាំង៖ នៅក្នុងកម្មវិធីប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់អ្នកបើកបររថយន្តដឹកកម្មករ នៅឃុំស្វាយស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ លោក យ៉ាម យុទ្ធា មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គមបាននិយាយថា៖ នៅចុងខែមករា ឆ្នាំ២០១៥នេះ បេឡាជាតិរបបសន្តិសុខ
សង្គមមានគម្រោង បើកវគ្គបង្រៀនប្រឡងយកបណ្ណ័បើកបររថយន្ត ដោយសហការជាមួយក្រសួងសាធារណៈការអោយដល់អ្នកបើកបររយន្តជាង៣០០នាក់ នៅស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច។លោក យ៉ាម យុទ្ធា បានបញ្ជាក់អោយដឹងទៀតថា៖ គម្រោងខាងលើនេះគឺដើម្បីជួយសម្រួលដល់អ្នកបើកបររថយន្តគ្រប់ប្រភេទជាង៣០០នាក់ ដែលបានដឹកកម្មកររាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ កំពុងតែមានហានិភ័យខ្ពស់ ដោយមួយចំនួនគ្មានបណ្ណ័បើកបររថយន្ត និងមួយចំនួនទៀតប្រើប្រាស់រថយន្តចាស់ៗ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលពួកគេជាប់រវល់ដឹកកម្មករជារៀងរាល់ថ្ងៃពុំមាមពេលវេលាចូលរៀនសាលាបើកបរ និងដែលកន្លងមកធ្លាប់បង្កគ្រោះថ្នាក់ចរាចរណ៍ដល់កម្មកររាប់រយនាក់ ។ ដោយឡែកប្រភពមួយអោយដឹងថាអ្នកបើកបររថយន្តដឹកកម្មជាង៥០%គ្មានបណ្ណ័បើកបរឡើយ ។គម្រោងបើកវគ្គបង្រៀនប្រឡងយកបណ្ណ័បើកបរនេះ បសស នឹងសុំការសហការជាមួយគណៈកម្មការ ក្រសួងសាធារណៈការ ការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអធិការស្រុកសាមគ្គីមានជ័យ ដើម្បីជ្រើសរើសយកទីតាំងសមស្របណាមួយនៅក្នុងឃុំស្វាយ ស្រុកដសាមគ្គីមានជ័យ ជិតរោងចក្រ ដែលជាភាពងាយស្រួលក្រោយពេលអ្នកបើកបររថយន្តដឹកកម្មករដាក់ក្នុងរោងចក្ររួចហើយបានចូលរៀនតែម្តង។ការបើវគ្គនេះ បសស សុំអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់នៅក្នុងស្រុកកំពង់ត្រឡាច និងសាមគ្គីមានជ័យ មកចុះឈ្មោះដើម្បីសុំចូលរៀនជាមួយ លោកអធិការនគរបាលស្រុកសាមគ្គីមានជ័យ ចាប់ពីពេលនេះតទៅ ដើម្បីប្រមូលព័ត៌មាននិងស្ថិតិរាយការណ៍ថ្នាក់លើរៀបចំគម្រោងថវិការបើដល់ថ្ងៃចូលរៀនហើយ បសស នឹងមិនទទួលអោយចូលរៀនទៀតឡើយ។ដោយឡែកអ្នកបើកបររយន្តដឹកកម្មករដែលមានបំណងចូលរៀនប្រឡងយកបណ្ណ័បើកបរ ត្រូវចំណាយសេវាប្រមាណ៥៥ដុល្លា ដើម្បីបំពេញបែបបទសុំរៀននិងប្រឡង ដែលប្រាក់ទាំងនេះត្រូវបង់អោយគណៈកម្មការប្រឡងរបស់ក្រសួងសាធារណៈការ លិខិតពិនិត្យសុខភាព និងឯកសារផ្សេងៗទៀត បើប្រៀបធៀបជាមួយការ សុំរៀននៅសាលាបើបររថយន្តនិងសុំប្រឡងយកបណ្ណ័បើកបរ ត្រូវចំណាយប្រាក់ពី១២០ដុល្លា ទៅ១៥០ដុល្លាឯណោះ ។ ចំណែកគម្រោងបង្រៀនប្រឡងយកបណ្ណ័បើកបរនេះ មានរយះពេលប្រមាណ២អាទិត្យតែប៉ុណ្ណោះ នឹងត្រូវប្រឡងយកបណ្ណ័បើកបរតែម្តង។លោកវរៈសេនីយឯក ឡុច វណ្ណារ៉ា ស្នងការរងនគរបាលខេត្តទទួលបន្ទុកចរាចរណ៍ និងសណ្តាប់ធ្នាប់ខេត្ត ទាក់ទងនិងគម្រោងបើកវគ្គខាងលើនេះ បានថ្លែងទៅកាន់អ្នកបើកបររយន្តដឹកកម្មករដែលបានមកទទួលការផ្សព្វផ្សាយច្បាប់ចរាចរណ៍ថា៖ នេះគឺជាឱកាសល្អហើយដែលសាលាបង្រៀនបើករថយន្ត
បានមកដល់ផ្ទះ ហេតុនេះស្នើសុំបងប្អូនជួយជូនដំណឹងដល់អ្នកបើកបររថយន្តនិងអ្នកបើករ៉ឺម៉កម៉ូតូ ដឹកកម្មករទាំងអស់ អោយមកចូលរួមអោយបានទាំងអស់គ្នា។ ព្រោះថាចាប់ពីខែមករា ឆ្នាំ២០១៦ តទៅអ្នកគ្មានបណ្ណ័បើកបររថយន្ត មិនអាចបើកបរបានឡើយ ក្នុងច្បាប់គឺត្រូវមានទោសជាប់ពន្ធនាគារតែម្តង។ រីឯអ្នកបើកបររ៉ឺម៉កម៉ូតូដឹកកម្មករក្នុងមួយរ៉ឺម៉កៗ មាន៣០ ទៅ៤០នាក់ ក៏ត្រូវតែមករៀនដែរដើម្បីប្រឡងយកបណ្ណ័បើកបរម៉ូតូ បើពុំនោះទេសមត្ថកិច្ចមិនអនុញ្ញាតអោយដឹកកម្មករទៀតឡើយ៕




































