ព្រះវិហារតាមសេចក្ដីរាយការណ៍បានអោយដឹងថាស្ដ្រីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារទទួលរងអំពើហិង្សាត្រូវប្តីវាយសំពងនឹងដំបងលើដងខ្លួនរហូតដល់ដាច់ខ្យល់ស្លាប់កាលពីរសៀលថ្ងៃទី១៤ធ្នូ២០១៥ស្ថិតនៅចំណុចស្រែរលុះភូមិព្យួរជ្រូកឃុំគូលែនជើងស្រុកគូលែនខេត្តព្រះវិហារ។អំពើឃាតកម្មដោយចេតនានេះដើមហេតុមកពីប្តីជាជនដៃដល់ខឹងប្រពន្ធមិនឈប់ផឹកស្រា។ប្រជាពលរដ្ឋបានរាយការណ៍អោយដឹងថាមុនកើតហេតុប្តីប្រពន្ធទាំង២នាក់មានការឈ្លោះប្រកែកតឹងសសៃកជាមួយគ្នាខណះស្រវឹងស្រាជោកដូចគ្នាត្រូវប្តីវាយ១ដៃចំគល់កហើយដួលពេលនោះជនដៃដល់បានយកដំបងវាយប្រពន្ធជាច្រើនដំបងថែមទៀតរហូតដល់ស្លាប់នឹងកន្លែងតែម្តង។នៅពេលដឹងថាប្រពន្ធស្លាប់គឺជនដៃដល់ធ្វើជារត់ទៅប្តឹងនគរបាលមូលដ្ឋានថាជនរងគ្រោះដេកស្លាប់ខ្លួនឯងទៅវិញ។
ប្រភពព័ត៌មានបន្តថាសមត្ថកិច្ចនគរបាលជំនាញបានធ្វើកោសល្យវិច្ច័យសពជនរងគ្រោះល្អិតល្អន់ទើបដឹងថាស្លាប់ដោយសារប្តីវាយនឹងដំបងមានស្លាកស្នាមជាំពេញដងខ្លួន។បន្ទាប់មកជនដៃដល់ជាប្តីត្រូវបាននគរបាលឃាត់ខ្លួនដើម្បីស៊ើបសួរនៅអធិការដ្ឋាននគរបាលស្រុកគូលែន។ជនដៃដល់ឈ្មោះម៉ាណាចអាយុ៤២ឆ្នាំមុខរបរកសិករបាននិយាយសារភាពថាពិតជាបានប្រើដំបងវាយជនរងគ្រោះឈ្មោះស្បិនធាអាយុ៤១ឆ្នាំបណ្តាលអោយស្លាប់ប្រាកដមែន។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការខេត្តវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។គួរបញ្ជាក់ថានៅស្រុកគូលែនតែងតែកើតមានអំពើហិង្សាក្នុងគ្រួសារនិងឃាតកម្មច្រើនជាងគេក្នុង១ឆ្នាំៗបើធៀបជាមួយបណ្តាស្រុកក្រុងនៅទូទាំងខេត្តព្រះវិហារហើយបន្ទាប់មកទៀតនៅស្រុកជាំក្សាន្តជាប់ចំណាត់ថ្នាក់បន្ទាប់ពីស្រុកគូលែន៕



































