ខេត្តកំពង់ឆ្នាំង៖ សហការីជាអ្នកកាន់ម៉ាស៊ីនរបស់កាណូតទេសចរណ៍បរទេស ឈ្មោះ “មេគង្គដន” ម្នាក់ បានស្លាប់ដេកលើកាណូត នៅក្នុងចន្លោះពីម៉ោង១មកម៉ោង ៦ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ទើបមានការភ្ញាក់ផ្អើល នៅចំណុចភូមិកោះឬស្សី ឃុំប្រឡាមាស ស្រុកកំពង់លែង ពេលដែលក្រុមការងារជាមួយគ្នា បានទៅបើកមើលក្នុងបន្ទប់ដេក ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីមានសហការី នៃកាណូតទេសចរណ៍ខាងលើមានមនុស្សស្លាប់ អ្នកគ្រប់គ្រងកាណូតឈ្មោះ មេគង្គ ដន នេះបានត្រឡប់មកសំចតនៅ មុខកំពង់ផែទេសចរណ៍ដើមពោធិមុខការិយាល័យនគរបាលចរាចរណ៍ជើងទឹក ខេត្តកំពង់ឆ្នាំង ដើម្បីសហការជាមួយ មន្ត្រីនគរបាលជំនាញខេត្ត ធ្វើកោសល្យពីច្ច័យលើសាកសពបុរសខាងលើ ទៅតាមនិតិវិធី ។
សមត្ថកិច្ចនគរបាលការិយាល័យបច្ចេកទេសខេត្ត ដែលបានចុះធ្វើកោសល្យពិច្ច័យ រួមទាំងគ្រូពេទ្យ ផង បានអោយដឹងថា៖ បុរសរងគ្រោះដែលស្លាប់លើកាណូតខាងលើមានឈ្មោះ ង្វៀង វ៉ាងតឿង អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ខេត្តឡុងអាន ប្រទេសវៀតណាម ។ មានតួនាទីជាអ្នកមើលការខុសត្រូវម៉ាស៊ីន ។
សមត្ថកិច្ចបានស្រង់សំដីរបស់អ្នកដើរកាណូតដូចគ្នា បានអោយដឹងថា៖ មុនពេលកើតហេតុកា
ណូតទេសចរណ៍ខាងលើ បានធ្វើដំណើរទៅដឹកភ្ញៀវទេសចរណ៍បរទេស ពីក្រុងភ្នំពេញទៅចំណុចកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់ ។ពេលធ្វើដំណើរតាមផ្លូវ បុរសរងគ្រោះបានប្រាប់មិត្តភក្រ័ថា៖ ចេះតែពឺតក្បាលខ្លាំងណាស់ ហើយក៏បានលេបថ្នាំជាច្រើនគ្រាប់ រួចក៏ដេកទៅ ។ លុះនៅម៉ោងជិត១យប់មិត្តភក្រ័បានឃើញ នៅដេកជាធម្មតាទេ ស្រាប់តែព្រឹកឡើងម៉ោង៦ ភ្លឺ បានឃើញបុរសជាអ្នកមើលការខុសត្រូវម៉ាស៊ីនកាណូតនោះស្លាប់បាត់ទៅហើយ ទើបអ្នកគ្រប់គ្រងកប៉ាល់ បានបញ្ជាអោយកប៉ាល់ត្រឡប់មកខេត្តកំពង់ឆ្នាំងវិញ ដើម្បសហការជាមួយសមត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំង ធ្វើកោសល្យពិច្ច័យតាមជំនាញ សម្រាប់ផ្លូវច្បាប់។
ក្រោយការធ្វើកោសល្យពីច្ច័យ សមត្ថកិច្ចនគរបាលបានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយ
សារមានជម្ងឺប្រចាំកាយ ហើយបានប្រគល់សពបុរស ជាយន្តការីកាណូតទេសចរណ៏បរទេសខាងលើ ទៅស្ត្រីឈ្មោះ ឃុន ភារម្យ អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងកាណូតទេសចរណ៏ខាងលើ យកទៅប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិរបស់គេ ៕




































