ខេត្តកំពង់ឆ្នាំង៖ ការជ្រើសរើសជំនាញនិងអាជីពសំរាប់សិស្សវិទ្យាល័យ មានសារៈប្រយោជន៍សំខាន់ណាស់ ក្នុងការកសាងជីវិតអោយមានអនាគតល្អរុងរឿង។ ដើម្បីសំរេចបាននូវគោលដៅខាងលើនេះ សិក្ខាសាលាមួយរៀបចំឡើងដោយវិទ្យាល័យព្រះបាទសុរាម្រឹត សហការជាមួយនាយកក្រុមហ៊ុន
ACCA បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង ដោយមានសិស្សថ្នាក់ទី១២ចូលរួមសរុបចំនួន៦០០នាក់ ក្នុងនោះមានសិស្សមកពីវិទ្យាល័យក្រុងកំពង់ឆ្នាំងចំនួន២៥០នាក់ ដោយមានលោកជំទាវ សឿន សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុជននិងកីឡាអញ្ជើញចូលរួមជាអធិបតីផងដែរ។លោក នូវ រតនា សាស្រ្តាចារ្យក្រុមហ៊ុនACCA(បង្រៀនគណនេយ្យអន្តជាតិ) បានចែកឯកសារស្វែងយល់ពីការយល់ដឹង និងណែនាំដល់សិស្សានុសិស្សអោយបានយល់ថា៖ការជ្រើសជំនាញនិងអាជីពការងារមានសារៈសំខាន់ណាស់ ការសំរេចចិត្តបានត្រឹមត្រូវ ត្រូវការព័ត៌មានត្រឹមត្រូវ និងពីមនុស្សត្រឹមត្រូវ។ ភាពជាអ្នករៀនសូត្រកុំរង់ចាំតែអ្វីដែលគ្រូផ្តល់អោយ ត្រូវទាមទារនៅអ្វីដែលអ្នកចង់ដឹង និងអ្វីទីផ្សារត្រូវការ។កត្តាក្នុងការសំរេចចិត្តជ្រើសរើសជំនាញ គឺត្រូវស្តាប់ដំបូលមានឪពុកម្តាយ ជ្រើសរើសសាកលវិទ្យាល័យល្អទាក់ទងនិងទីផ្សារការងារ ទៅតាមបំណងនិងសុឆន្ទៈរបស់ខ្លួន។ ចំណុចពិចារណាក្នុងការជ្រើសរើសសាកលវិទ្យាល័យ ត្រូវស្វែងយល់អំពីគុណភាពសាស្ត្រាចារ្យ ទំនើបកម្មនៃកម្មវិធីសិក្សា វិន័យនិងការប្រឡង និងការផ្សារភ្ជាប់ទៅនិងសេចក្តីត្រូវការខាងក្រៅ។ត្រូវយល់ថាភាពជោគជ័យគ្មានអាថ៍កំបាំងនោះទេ វាជាលទ្ធផលនៃការត្រៀមខ្លួន ការប្រឹងប្រែង និងរៀនសូត្រពីការបរាជ័យ ហើយមានតែការខិតខំរៀនសូត្រ និងធ្វើការងារតែប៉ុណ្ណោះ ដែលអាចបញ្ចប់ភាពក្រីក្ររបស់យើងគ្រប់គ្នាបាន។លោកជំទាវ សឿ សុជាតាអនុរដ្ឋលេខាធិការក្រសួងអប់រំយុជននិងកីឡា បានផ្តាំផ្ញើដល់សិស្សានសិស្សថ្នាក់ទី១២ទាំងអស់ថា៖ សូមប្អូនៗយកចំណេះដឹងក្នុងសិក្ខាសាលានេះស្វែងយល់ ក្នុងការជ្រើសរើសរកសាកលវិទ្យាល័យណាមួយដែលល្អសំរាប់រៀនសូត្រ ដើម្បីជ្រើសរើសយកជំនាញ និងអាជីពការងារណាមួយសំរាប់អនាគតរបស់យើងនិងក្រុមគ្រួសារ។លោកនាយកវិទ្យាល័យព្រះបាទសុរាម្រឹតបានអោយដឹងថា៖ សិក្ខាសាលានេះនៅពេលព្រឹកមានសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន៣៥០នាក់ចូលរួម និងពេលល្ងាចមានសិស្សមកពីវិទ្យាល័យក្រុងកំពង់ឆ្នាំងចំនួន២៥០នាក់ចូលរួម។ លោកនាយកក៏បានថ្លែងអំណរគុណផងដែរដល់លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុជននិងកីឡា ដែលបានយកចិត្តទុដាក់ចូលរួមក្នុងសិក្ខាសាលានេះ និងជូនពរដល់សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់មានជោគជ័យក្នុងជ្រើសរើសជំនាញនិងអាជីពរបស់ខ្លួនក្នុងពេលខាងមុខនេះ៕




































