សៀមរាប : កាលពីព្រឹកថ្ងៃទី០៩ខែឩសភា ឆ្នាំ២០១៤ នេះ លោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើស និងលោកវរសេនីយ៍ទោ សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាបបានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពសហការណ៍ជាមួយកម្លាំងគយ និងរដ្ឋាករ ដោយមានការចូលរួមពីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានក្រោមការបញ្ជាដឹកនាំដោយលោកស្រី ទីវ គឹម កល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប ផងនោះ ។
បានចុះប្រតិបត្តិការណ៍ធ្វើការត្រួតពិនិត្យនិងឆែកឆេររថយន្ត១គ្រឿងម៉ាក កាមារី ចង្កូតស្តាំ សេរីឆ្នាំ ៩១ ដែលបានដឹកទំនិញចូលមកក្នុងឃ្លាំងស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខាងក្រោយផ្សារលើប្រមាណជា៤រយម៉ែត ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យទំនិញក្នុងរថយន្តដែលសង្ស័យថាជាទំនិញគេចព័ន្ធនិងដោយមាន
ការសង្ស័យទំនិញផ្សេងៗទៀតនៅក្នុងឃ្លាំងផងនោះសមត្ថកិច្ចក៏បានបន្តធ្វើការចូលទៅត្រួតពិនិត្យនិងឆែកឆេរនៅក្នុងឃ្លាំងដែលបានស្តុបទុកទំនិញជាច្រើនប្រភេទជាលិទ្ធផលសមត្ថកិច្ចបានរកឃើញនូវប្រភេទទំនិញមិនបានបង់ព័ន្ធចំនួនពីរប្រភេទ ក្នុងនោះរួមមាន តែ អូ អ៊ីឈិក និង ទឹកដោះគោខាប់ ចំណែកឯ ប្រេង ឆា វិញរង់ចាំឯកសារដើមមកពីក្រុមហ៊ុន ។
ដោយទំនិញទាំងបីប្រភេទនេះសរុបមានចំនួន ៥៤៣កេះ បច្ចុប្បន្នចំពោះទំនិញមិនបានបង់ព័ន្ធតែ អូ អ៊ីឈិក និង ទឹកដោះគោខាប់ និង រថយន្តម៉ាក កាមារី ចង្កូតស្តាំ សេរីឆ្នាំ ៩១ មួយគ្រឿង ដែលបានដឹកទំនិញមិនបានបង់ព័ន្ធត្រូវបានអង្គភាពជំនាញចំណាត់ការទៅតាមនីតិវិធី ជាបន្ត៕ ដោយ លោក ខេង ខេមរា