ខេត្តប៉ៃលិន៖ ជនសង្ស័យដែលជាមុខសញ្ញាប្រើប្រាស់ និងចែកចាយសារធាតុញៀនម្នាក់ ត្រួវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកសាលាក្រៅ ធ្វើការឃាត់ខ្លួន ខណៈពេលកំពុងតែប្រើប្រាស់ថ្នាំញៀន ព្រមទាំងរិបអួសបានថ្នាំញៀនចំនួន១៧គ្រាប់ និងកាំភ្លើងខ្យល់មួយដើម ។ ហេតុការណ៏ចុះ
បង្ក្រាបជនមុខសញ្ញាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះទុយ ទី ភេទប្រុស អាយុ៣៣ រស់នៅភូមិបឹងត្រកូន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែមកធ្វើជាកម្មកនៅកសិដ្ឋានចិញ្ជិមមាន់ក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ រិបអួសបានថ្នាំញៀនចំនួន១៧គ្រាប់ និងកាំភ្លើងខ្យល់មួយដើម ។
លោក ឡោ ពុធ នាយរងផ្នែកសេនាធិការ នៃអធិការស្រុកសាលាក្រៅ បានឲ្យដឹងថា៖ ក្រោយពីទទួលបានសេចក្តីរាយការណ៏តាមបណ្តាញសំងាត់ កម្លាំងអធិការស្រុកដឹកនាំដោយលោកវេរសនីយ៏ទោ ញ៉ឹក ថុល អធិការស្រុកសាលាក្រៅ បានចុះដល់កន្លែងកើតហេតុ ។ លោកបន្តថា៖ ពេលនោះកម្លាំងសមត្ថកិច្ចស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទុយ ទី ភេទប្រុស អាយុ៣៣ រស់នៅភូមិបឹងត្រកូន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ តែមកស្នាក់នៅចញ្ចិមមាន់ក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកបន្តទៀតថា៖ ក្នុងចុះបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចរិបអួសបានថ្នាំញៀនចំនួន១៧គ្រាប់ និងស្បោងថង់ដែលសង្ស័យថាសម្រាប់ដាក់ថ្នាំញៀន ព្រមទាំងបន្តឆែកឆេរកន្លែងកសិដ្ឋានចញ្ជិមមាន់ដែលមានម្ចាស់ឈ្មោះឆម ឆៀន ក៏ឃើញមានលាក់នូវអាវុធខុសច្បាប់ ដោយធ្វើការដក់ហូតភ្លាមៗផងដែរ តែម្ចាស់កសិដ្ឋាន បានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រួវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការបន្ត ៕




































