ស្ទឹងត្រែង៖ ដោយពិនិត្យឃើញថានៅក្នុងឆ្នាំ២០១៥នេះមានរថយន្តមួយចំនួនខ្វះការទទួលខុសត្រូវដឹកភ្ញៀវមកទំលាក់ ចោលនៅច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវហើយដាក់កំហុសមកខាងកម្ពុជា នៅព្រឹកថ្ងៃទី២៣ខែធ្នូនេះ មន្ទីរទេសចរណ៏ខេត្តស្ទឹងត្រែង បើកកិច្ចសហ
ប្រតិបត្តិការ ជាមួយសមាគមន៏ដឹកជញ្ជូនភ្ញៀវស្រុកមឺងខូង ប្រទេសឡាវដើម្បីពង្រឹងសេវាកម្មជូនភ្ញៀវទេសចរណ៏ អោយបានល្អប្រសើរឡើងវិញ។លោកអ៊នប៉ោសឿនប្រធានមន្ទីរទេសចរណ៏ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ទង្វើរបែបនេះ ជាការខ្វះការទទួលខុសត្រូវ ចំពោះសេវាកម្មដឺកជញ្ជូនរបស់ខ្លួន ចង់បានតែប្រាក់មិនគិតពីសុវត្ថិភាពជូនភ្ញៀវ ធ្វើឲ្យភ្ញៀវបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់វិស័យទេសចរណ៏យ៉ាងធ្ងន់ធ្ងរ ដូចនេះទាំងក្រុមហ៊ុនទាំងសមាគមន៏ដឹកជញ្ជូននិងអ្នកធ្វើអាជីវកម្មឯកជនក្តីត្រូវរៀបចំសេវាកម្មថ្មីឡើងវិញ ។លោកប្រធានមន្ទីរបន្ថែមថា៖បញ្ហានេះភាគ្គីទាំងពីរកម្ពុជា-ឡាវ ត្រូវរួមគ្នាដោះស្រាយចំពោះសេវាកម្មដឺកជញ្ជូនធ្វើយ៉ាងណាឲ្យភ្ញៀវពេញចិត្ត លើកគោលការណ៏ឯកភាពគ្នា ធ្វើឲ្យមានផលប្រយោជន៏ទាំងសងខាងបំរើឲ្យវិស័យទេសចរណ៏ តែមួយប្រកបដោយភាពទទួលខុសត្រូវ មន្ទីរទេសចរណ៏ហ្នឹងមន្ទីរជំនាញភាគ្គីឡាវដែលទទួលខុសត្រូវខាងហ្នឹង ជាពិសេសខាងសមាគមន៏ខាងការងារប៉ូលីសទេសចរណ៏ឡាវ ខាងមន្ទីរទេសចរណ៏ឡាវ ដើម្បីយើងធ្វើការរួមគ្នាដែលមានភាគ្គីកម្ពុជា មានតំលៃមួយដែលសមស្រប អាចទទួលយកបាន ដើម្បីឲ្យមន្ទីរទេសចរណ៏ខេត្តនេះ ជំរុញពង្រឹងគុណភាពសេវាកម្ម ជាមួយហ្នឹងវិស័យឯកជន ដែលគេកំពុងធ្វើអាជីវកម្មនៅពេលបច្ចុប្បន្ននេះ។លោកប៊ុនថេម.ស៊ូផនសារៈ ប្រធានសមាគមន៏ដឹកជញ្ជូនភ្ញៀវស្រុកមឺងខូង ខេត្តចំប៉ាសាក់ឡាវទទួលស្គាល់ថា៖មួយរយៈមកនេះបញ្ហារថយន្តឈ្នួល ដឹកអ្នកដំណើរបានបង្កភាពអសកម្ម ដល់ភ្ញៀវពិតមែនហើយភាគច្រើនកើតមានចំពោះ រថយន្តដឹកជញ្ជូនផ្នែកឯកជនតែប៉ុណ្ណោះ មិនបានឯកភាពគ្នាក្នុងការកំណត់តំលៃសេវាដឹកជញ្ជូនច្រើនប្រជេងគ្នាចាប់យកភ្ញៀវរៀងៗខ្លួន។
លោកបញ្ចាក់ថា៖ករណីនេះ លោកបានធ្វើការណែនាំ ឲ្យកែប្រែគ្រប់បែបយ៉ាង ទាំងការបើកបរ ការរក្សារទ្រព្យសម្បត្តិភ្ញៀវ កាត់បន្ថយការដឹកហួសកំណត់ និងតំលៃសំបុត្រជាដើម ដើម្បីរួមគ្នាបំរើសេវាកម្មទេសចរណ៍ឲ្យមានប្រសិទ្ធភាព។លោកស៊ីនថុង.ចាន់សុំភូអនុប្រធានសមាគមន៏ដឹកជញ្ជូនភ្ញៀវឡាវកម្ពុជា បានអះអាងថា៖បច្ចុប្បន្នការកែប្រែទំលាប់នេះ ពុំទាន់ធ្វើបាននូវឡើយទេ ដោយសាតែចំណង់ចំណូលចិត្ត របស់ភ្ញៀវចង់ឆាប់ហើយរត់រកឡានឯកជនតូចៗ ដើម្បីធ្វើដំណើរទើបការដឹកជញ្ជូននេះ យកភ្ញៀវទៅទុកចោលរាត់រាយ គ្មានការទទួលខុសត្រូវ។លោកថា៖ខាងក្រុមហ៊ុននិងសមាគមន៏ ដឹកជញ្ជូនខេត្តចំប៉ាសាក់ឡាវ កំពុងសហការជាមួយក្រុមដឹកជញ្ជូនសូរិយាកម្ពុជា ដែលមានអាជ្ញាបណ្ណ័ឆ្លងដែន និងក្រុមហ៊ុនផារ៉ាម៉ូនកម្ពុជា ចាំនៅច្រកព្រុំដែនបានកំណត់តំលៃសេវាសមស្រប និងពន្លឿនការដឹកជញ្ជូន ដើម្បីទាក់ភ្ញៀវមកជិះរថយន្តក្រុងរបស់ក្រុមហ៊ុនវិញ។
សូមបញ្ជាក់ថា៖នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជាឡាវបច្ចុប្បន្នក្នុងមួយថ្ងៃមានភ្ញៀវអន្តរជាតិចេញចូលក្នុងចន្លោះពី១០០នាក់ទៅ២០០នាក់ដែលភាគច្រើនមានជនជាតិបារាំង អាលឺម៉ង់ ហូឡង់ អូស្រាលី ជប៉ុន ចិន កូរ៉េ វៀតណាម និងអាមេរិកជាដើម។




































