ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារឆ្នាំងជិត២០០នាក់ បានសំណូមពរដល់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងសមត្ថកិច្ចជួយផ្សព្វផ្សាយ និងបញ្ជ្រៀបច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបន្ថែមទៀតនៅតាមភូមិក្នុងសង្កាត់ ដើម្បីអោយប្រជាពលរដ្ឋបានយល់ដឹងគ្រប់គ្នាពីច្បាប់
ចរាចរណ៍ផ្លូវគោកថ្មី ដែលសមត្ថកិច្ចនគរបាលចរាចរណ៍នឹងត្រូវចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះតទៅ។សំណូមពរនេះគាត់បានលើកឡើងនៅក្នុងវេទិការសាធារណៈមួយដែល
បានធ្វើឡើងនៅក្នុងវត្តយាយទេព សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥។តំណាងប្រជាពលរដ្ឋម្នាក់ បានលើកឡើងពីគោលបំណងប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារឆ្នាំងថា៖ ពួកគាត់មានការព្រួយបារម្ភណាស់ នៅពេលច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានដាក់អោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ព្រោះតែពួកគាត់មិនទាន់យល់ថា តើអ្វីទៅជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ នៅពេលប្រាប់ពីបំណងរបស់ប្រជាពលរដ្ឋហើយ គាត់បានសំណូមពរដល់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំង អោយជួយពន្យាពេលពិន័យ១សប្តាហ៍ និងសូមសមត្ថកិច្ចជួយធ្វើការបញ្ជ្រៀបច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដល់ប្រជាពលរដ្ឋតាមភូមិនៅក្នុងសង្កាត់គាត់ផង។លោក ទិត ចយ ស្នងការរងនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖ កន្លងមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីជាបន្តបន្ទាប់ ដល់អ្នកបើកបររថយន្តដឹកកម្មករកម្មការនីតាមរោងចក្រនានា ដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ ដល់អ្នករត់រថយន្តឈ្នួល ក៍ដូចជាប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួនផងដែរ។ សំណូមពរប្រជាពលរដ្ឋថ្ងៃនេះ លោកនឹងយកទៅសុំយោបល់លោកស្នងការនគរបាលខេត្ត ដើម្បីចុះបញ្រ្ចាបច្បាប់ចរាចរណ៍បន្ថែមទៀតអោយពលរដ្ឋបានដឹងពីច្បាប់ថ្មីនេះគ្រប់គ្នា។ដោយឡែកលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំងបានថ្លែងថា៖ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារឆ្នាំង ជាសំណូមពរល្អណាស់ ដែលជាកង្វល់របស់បងប្អូន ហើយលើកឡើងនេះ គឺពិតជាបញ្ជាក់អោយឃើញថា បងប្អូនបានយល់ដឹងពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង ដោយមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ហើយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលប្រជាពលរដ្ឋយើងចង់យល់ដឹងទាំងអស់គ្នានេះ គឺមានសារៈសំខាន់ណាស់ក្នុងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ និងកាត់បន្ថយក្នុងការចំណាយប្រាក់ទៅលើការផាកពិន័យ និងត្រូវដឹងអំពីបទល្មើសដែលច្បាប់ចរាចរណ៍ត្រូវផាកពិន័យ។លោកជំទាវរដ្ឋលេខាធិការបានបន្តថា៖ លោកជំទាវសុំអោយអាជ្ញាធរភូមិ សង្កាត់ និងក្រុង សហការជាមួយប៉ុស្តិរដ្ឋបាល អធិការដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្ត ជួយចាត់ចែងបញ្ជ្រៀបនូវច្បាប់ចរាចរណ៍ថ្មីនេះអោយបានទូលំទូលាយបន្ថែមទៀតដល់ប្រជាពលរដ្ឋគ្រប់គ្នា តាមដែលអាចធ្វើទៅបាន ដើម្បីសុវត្ថិភាពលើផ្លូវថ្នល់ និងជួយសន្សំថវិការក្នុងក្រុមគ្រួសាររបស់ប្រជាពលរដ្ឋយើងគ្រប់គ្នា៕





































