សៀមរាប៖ ការតាំងពិព័រណ៏ផលិតផលកម្ពុជានិងផលិតផលអន្តរជាតិកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅទីលានអង្គរឃ្យុងយូ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីណាក់ ឯកឧត្តម គឹម ឆៃហៀង អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប ជាគណ:អធិបតី និង មន្រ្តីក្នុងខេត្ត
ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ ផលិតករ ពាណិជ្ជករ និងបងប្អូនអាជីវករទាំងអស់បានចូលរួមផងដែរ ដែលកំពុងធ្វើនៅទីនេះ ប្រមាណជាង ២០០ ស្តង់ ក្រោមការរៀបចំរបស់ក្រុមហ៊ុនតាន់ហ្វូត សហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ឲ្យកាន់តែប្រសើរឡើង។ លោក សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកការងារទីផ្សារភូមិ មួយផលិតផលមួយបានមានប្រសាសន៍ថា ការតាំងពិព័រណ៌ផលិតផលកម្ពុជា និងផលិតផលអន្តរជាតិនៅពេលនេះ គឺជាទីផ្សារមួយដែលល្អជាងគេ ពីព្រោះប្រជាពលរដ្ឋអាចទិញផលិតផលកម្ពុជា និងផលិតផលអន្តរជាតិយកទៅប្រើប្រាស់បានដោយងាយស្រួល និងបានជួបដោយផ្ទាល់ជាមួយអ្នកផលិតផងដែរ។ ពិ ព័រណ៌នេះមិនត្រឹមតែជាការលក់ផលិតផលប៉ុណ្ណោះនោះទេ គឺនឹងផ្តល់ឱកាសឲ្យក្រុមពាណិជ្ជករកម្ពុជា និងក្រុមពាណិជ្ជករអន្តរជាតិបានជួបទំនាក់ទំនងក្នុងការនាំទំនិញ អន្តរជាតិមកលក់នៅទីផ្សារកម្ពុជា និងនាំទំនិញកម្ពុជាទៅលក់នៅទីផ្សារអន្តរជាតិផងដែរ។លោក បានបញ្ជាក់ថា ដើម្បីចលនាផលិតផលក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយទៅដល់ប្រជាពលរដ្ឋ កម្ពុជានៅគ្រប់តំបន់ និងនៅលើទីផ្សារអន្តរជាតិគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បាននិងកំពុងតែជំរុញឲ្យការកែច្នៃសិប្បកម្ម ឧស្សាហកម្មធុនស្រាល មធ្យម និងសេវាកម្មនានា ធ្វើយ៉ាងណាបង្កើនខ្សែសង្វាក់ផលិតកម្មឲ្យបានច្រើនដងទាំងការផលិត ការវេចខ្ចប់តុបតែងលម្អ ការធានាបរិមាណ និងគុណភាពប្រកបដោយអនាម័យនិងសុវត្ថិភាពតាមទស្សនៈភូមិមួយផលិតផលមួយ ។ លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ការតាំងពិព័រណ៌ផលិតផលកម្ពុជា និងផលិតផលអន្តរជាតិនៅក្នុងថ្ងៃនេះបានបង្ហាញឲ្យឃើញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជានិងបណ្តាប្រទេស នានានៅក្នុងតំបន់លើផ្នែកពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរទំនិញជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគសម្រាប់អ្នកប្រើប្រាស់ទូទៅ ជាពិសេសប្រជាពលរដ្ឋនៅខេត្តសៀមរាប៕ដោយ ស៊ាន ផាត



































