កំពង់ឆ្នាំង៖ នៅក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់នូវអាគារមតេយ្យសិក្សាមួយខ្នង នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងឃុំពង្រ ស្រុករលាប្អៀរ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានមានព្រះសង្ឃដីកាថា« ការសាមគ្គីគ្នា នាំមកនូវជ័យជំនះ សុខសប្បាយ និងធ្វើអោយប្រទេសរីកចំរើន »។ នៅក្នុងពិធីសម្ភោធនេះ មានការចូលរួមពីសម្តេចអគ្គមហាស្សរាជាធិបតី ទេព វង្ស ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីរាជការក្នុងខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សក្នុងសាលាបឋមសិក្សាបាល័ង្គប្រមាណជិត៤០០នាក់។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖ ក្រោយថ្ងៃរំដោះ០៧ មករា ១០៧៩ ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលនៅសេសសល់ពីការកាប់សម្លាប់របស់របប ប៉ុល ពត បានរស់ឡើងវិញសារជាថ្មី និងមានសិទ្ធិសេរីភាពក្នុងការជឿទៅលើជំនឿសាសនាផ្សេងៗ។ ការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចទាំងបី បានធ្វើអោយប្រទេសជាតិរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងមានសុខសុវត្ថិភាពសង្គមពេញលេញ ក្នុងនោះផងដែរសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ក៍មានស្នាដៃមិនតិចដែរក្នុងជួយកសាងនូវសមិទ្ធិផលផ្សេងៗ ដូចក្នុងពេលនេះសម្តេចបានប្រទាននូវអាគារសាលាមតេយ្យមួយខ្នង របងសាលាមួយជុំ ទោងយោលប ចាក់ដីធ្វើសួនច្បារ ចាក់ដីបំពេញទីធ្លាសាលា និងជួយកសាងរបងស្រះទឹកវត្តបាល្ល័ង្គ សរុបជាទឹកប្រាក់ប្រមាណជាង២ម៉ឺន៥ពាន់ដុល្លា។ព្រះរាជអំណោយដ៍ថ្លៃថ្លាទាំងនេះ គឺជាកេរ្ត៍មរតកសម្រាប់សិស្សានុសិស្សជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ សិក្សារៀនសូត្រទៅថ្ងៃអនាគត។
សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាផ្តាំផ្ញើរដល់កូនចៅចៅទួតរបស់ព្រះអង្គថា៖ កូនចៅ ចៅទួតទាំងអស់ត្រូវចងចាំព្រះរាជបន្ទូលព្រះបរមរតនៈកោដថា ខ្មែរសាមគ្គីរួបរួមគ្នា ខ្មែរខ្លាំង ខ្មែររុងរឿង និងនាំមកនូវសេចក្តីសុខជូនជាតិមាតុភូមិ។
សព្វថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានបង្រួបបង្រួមជាតិខ្មែរតែមួយ។ លើសពីនេះកូនចៅ ចៅទួតទាំងអស់ត្រូវចេះដឹងគុណចំពោះអ្នកមានគុណគឺមាតាបីតា លោកគ្រូអ្នកគ្រូ ជាពិសេសដឹងគុណចំពោះអ្នកជួយយើងអោយរួចផុតពីកណ្តាប់ដៃឃាតករសម្លាប់ជាតិឯង ទើបធ្វើអោយបងប្អូនកូនចៅ ចៅទួតមានជីវិតរស់នៅ និងរីកចំរើនដូចសព្វថ្ងៃនេះ៕