ខេត្តសៀមរាប៖ អង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៥ ដែលបាន ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១៥ នៅសាលាក្រុងសៀមរាបក្រោមអធិបតីភាពលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋអភិបាលរងនៃគណៈអភិបាលខេត្តដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពតំណាងអង្គការសង្គមស៊ីវិល អាជ្ញាធរក្រុងស្រុកទាំង៣ សិស្សានុសិស្ស និង ប្រជាពលរដ្ឋមកពីស្រុក ប្រាសាទបាគងស្រុកអង្គរធំនិង ក្រុងសៀមរាបប្រមាណជាង ៥០០នាក់ ដែលបានចូលរួម។
អង្គវេទិកានេះមានគោលបំណងដើម្បីផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកពាក់ព័ន្ធទាំងអស់ ដែលបានមកពីក្រុងស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមដែលកើតមានកន្លងមកហើយវេទិកានេះនឹងផ្តល់ឱកាស ក្នុងការបញ្ចេញនូវមតិយោបល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងទុក្ខកង្វល់សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋានខ្លួន ។ ម្យ៉ាងទៀតអង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ គឺជាឧបករណ៍ដ៍ មានសារៈសំខាន់ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និង ការចូលរួមរបស់ប្រជាពលរដ្ឋ សំខាន់យុវជន និង ជនងាយរងគ្រោះ ក្នុងកិច្ចដំណើការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតទៅលើការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ ។
ឆ្លងទៅតាមអង្គពិភាក្សា និង ការបកស្រាយ ឆ្លើយតបចំពោះរាល់ទុក្ខកង្វល់ និង សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ដោយបានផ្តោតទៅលើ បញ្ហាសេដ្ឋកិច្ច ផ្លូវថ្នល់ការងារសន្តិសុខសណ្តាប់ធ្នាប់ ចរាចរណ៍ ការ ខ្វះនូវអគារសិក្សាអគ្គិសនី ការផ្តល់អត្តសញ្ញាណប័ណ្ណ សេវារដ្ឋបាល និង បញ្ហាអាជ្ញាធរជាតិអប្សរា ព្រមទាំងវិស័យបង់ពន្ធលើ អចលនទ្រព្យ និង បរិស្ថាន អនាម័យ។ ក្នុងនោះដែរក្រុមវាគ្មិនយើងបានធ្វើការបក ស្រាយបំភ្លឺជូនក្នុងអង្គវេទិកាបានចំនួន ២៤សំណួរ និង សំណូមពរព្រមទាំងការលើកនូវសំណួរ និងសំណូមពរ របស់សមាជិកអង្គវេទិកាដែលបានសរសេរដាក់ប្រអប់បាន មានចំនួន ៥១សំណួរ និង សំណូមពរ លើការងារ សេដ្ឋកិច្ច សង្គមកិច្ច អគ្គិសនី សន្តិសុខនិង សេវារដ្ឋបាលផងដែរ ។ក្នុងអង្គវេទិកានេះដែរក៏បានសង្កត់ធ្ងន់ចំពោះ ការលុបបំបាត់នូវការបង្ក សម្លេង រំខាន់នៅពេលរាត្រី ពីបណ្តាក្លឹបកម្សាន្តមួយចំនួនទាំងបរទេសនិង កម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋហើយកិច្ចការនេះជាតួនាទីរបស់អាជ្ញាធរក្រុងនិង សមត្ថកិច្ចក្រុងដែលជាអ្នកអនុវត្តដោយខានពុំបាន ។
មានប្រសាសន៍បិទអង្គវេទិកានេះ លោក នូ ផល្លា បានគូសបញ្ជាក់ថា នេះជាសញ្ញាវិជ្ជមានថ្មី បន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចពិគ្រោះយោបល់ពិភាក្សាដើម្បីពិនិត្យពិចារណានិង ធ្វើការឆ្លុះបញ្ចាំងទៅលើសមទ្ធិផលដែលសម្រេចបាននិងបញ្ហាប្រឈមក្នុងឆ្នាំ២០១៥និង គម្រោងសកម្មភាពជាអាទិភាពសេដ្ឋកិច្ចសង្គមសំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នៃខេត្តសៀមរាបនៅឆ្នាំ២០១៦ដើម្បីឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា អង្គវេទិកាទាំងមូលមានសុទិដ្ឋិនិយមថា វប្បធម៌នៃការចូលរួមកាន់តែមានវឌ្ឍនភាព សំដៅធ្វើឲ្យ វិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងក្រុងស្រុកខេត្តសៀមរាប មានការប្រែប្រួលរីកចម្រើនជាងបណ្តាឆ្នាំមុនៗ។ លោកនូផល្លាក៏បានលើកឡើងថានេះជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរហើយក៏ជាកាយវិការដ៏ប្រពៃ សំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅ នៅតាមសហគមមូលដ្ឋានរបស់យើង ។ ព្រឹត្តិការណ៏នាថ្ងៃនេះ វាក៏ជាយន្តការមួយ ក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន ។ អង្គវេទិកាក៏សូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្តនឹងយកសំណួរនិងកង្វល់ទាំងនេះទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយ លក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈ មេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕