សៀមរាប៖ ព្រះសព ព្រះមង្គលសិលាចារ្យ ឥន្ទកេសរោ ពេជ្រ សន ព្រះមេគណខេត្តសៀមរាប ត្រូវបានរៀបចំពិធីដង្ហែរចេញពីវត្តព្រះឥន្ទកោសីយ៍ ប្រទក្សិណតាមដងវិថីនានាក្នុងក្រុងសៀមរាប ហើយក្បួនដង្ហែរនេះ ត្រូវបានវិលត្រឡប់ចូលពុទ្ធសីមាវត្តព្រះឥន្ទកោសីយ៍វិញ ដើម្បីរំកិលព្រះសព ឡើងលើឧប្បដ្ឋានសាលា តម្កល់ទុករយៈពេល៣ឆ្នាំតាមប្រពៃណី មុននឹងប្រារព្ធពិធីរំលាយព្រះសព ។ ពិធីដង្ហែរព្រះសពព្រះមេគណខេត្តសៀមរាប បានធ្វើឡើងនារសៀលថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំមមែ សប្ពស័ក ពស ២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ គស ២០១៥ ។ នេះបើតាមការឲ្យដឹងដោយមន្ត្រីសង្ឃដែលចាត់ចែងដំណើរការ កម្មវិធីបុណ្យនោះ ។
ព្រះមង្គលសិលាចារ្យ ឥន្ទកេសរោ ពេជ្រ សន ព្រះមេគណខេត្តសៀមរាប គង់នៅក្នុងពុទ្ធសីមា វត្តព្រះឥន្ទកោសីយ៍ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ព្រះអង្គបានទទួលអនិច្ចធម្ម កាលពីថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំមមែ សប្ពស័ក ពស ២៥៥៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ គស ២០១៥ ដោយព្រះរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ក្នុងព្រះជន្នាយុ ៨២ ព្រះវស្សា ។
ព្រះសព ព្រះមេគណខេត្តសៀមរាប ត្រូវបានតម្កល់ទុកធ្វើបុណ្យ ដើម្បីឧទ្ទឹសបុណ្យកុសលប្រគេនព្រះសព នៅវត្តព្រះឥន្ទកោសីយ៍ និងបានសិស្សគណ ពុទ្ធបរិស័ទ យាង និមន្តអញ្ជើញចូលរួមកាន់មរណទុក្ខ និងបំពេញបុណ្យកុសល តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ចាប់ពីថ្ងៃទី១៨ ខែធ្នូ តរៀងមក។
ពិធីបុណ្យព្រះសពព្រះមេគណខេត្តសៀមរាប នឹងបន្តអនុលោមតាមកម្មវិធីដែលបានគ្រោងទុក រហូតដល់ថ្ងៃពុធ ទី ៣០ ខែធ្នូ ឆ្នាំ២០១៥ ដែលនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី៣០ ខែធ្នូនោះ មានការរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៨៣ អង្គ ជាកិច្ចបង្ហើយបុណ្យ ហើយនៅសល់ថេរវេលា៣ឆ្នាំខាងមុខ គឺជាកាលវេលានៃការរង់ចាំរបស់ពុទ្ធបរិស័ទ ដើម្បីបំពេញសេចក្តីជ្រះថ្លា ប្រារព្ធកម្មវិធីបុណ្យ រំលាយព្រះសព តាមប្រពៃណី ៕