ខេត្តសៀមរាប ៖ កម្លាំងការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តបានចុះប្រត្តិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់រហូតឈានធ្វើការឃាត់ខ្លួនអ្នកលេងឆ្នោតនិងមេឆ្នោតខុសច្បាប់ចំនួន១៧នាក់យកមកសួរនាំនៅរសៀលថ្ងៃទី២៥ ខែធ្នូនេះនិងចាត់វិធានការទៅតាមផ្លូវច្បាប់
បន្ទាប់ពីមានមហាជនរិះគន់ថាល្បែងឆ្នោតនៅក្នុងតំបន់ទេសចរណ៍នៃខេត្តសៀមរាបកើតមានដុះដូចផ្សិត។ហេតុការចុះបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់(ឆ្នោត)ធ្វើឡើងនៅក្នុងក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៥ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវរសេនីយ៍ត្រី ហុង ប៊ុនហាវនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្តីទីបានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូនេះថា ករណីនេះគឺថ្នាក់លើបានបញ្ជាឱ្យចុះបង្ក្រាបទីតាំងល្បែងឆ្នោតដែលបើកលេងដោយខុសច្បាប់នៅក្នុងខេត្តសៀមរាបឱ្យអស់ ដើម្បីឱ្យសមស្របទៅនិងច្បាប់ស្តីពីភូមិឃុំមានសុវត្ថិភាព ដែលមានចែងក្នុងច្បាប់។ លោកបន្តថាបច្ចុប្បន្ននេះអ្នកលេងដែលឃាត់ខ្លួនយកមកសួរនាំនេះត្រូវបានលោកព្រះរាជអាជ្ញាបញ្ជាឱ្យដោះលែងនិងឱ្យធ្វើកិច្ចសន្យា អប់រំ ត្រឡប់ទៅផ្ទះវិញ ចំណែកមេឆ្នោតត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ប៉ុន្តែត្រូវបានមេឆ្នោតអះអាង នៅមុខសមត្ថកិច្ចថា ពួកគេបើកនេះគឺមានច្បាប់ត្រឹមត្រូវអនុញ្ញាតដោយសមត្ថកិច្ចតែនៅមិនទាន់ឃើញយកមកសោះរហូតដល់ថ្ងៃនេះ។លោកបន្តទៀតថា មេឆ្នោតប្រុសស្រី៤នាក់ដែលត្រូវកម្លាំងជំនាញធ្វើការឃាត់ខ្លួននោះមានទី១/ឈ្មោះ សំ សារី ភេទស្រីអាយុឆ្នាំមានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ទី២/ឈ្មោះ ឈាន សុគន្ធី ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ទី៣/ឈ្មោះ ឡឹម រតនា ភេទស្រីអាយុ២១ឆ្នាំស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងទី៤/ឈ្មោះ ឈី ស្រីម៉ាច ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិបឹងដូចប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបព្រមទាំងដកហូតបានវត្ថុតាងរួមមានៈសម្ភារៈសម្រាប់កត់កន្ទុយលេខមួយចំនួន ,ម៉ាស៊ីនព្រីនចំនួន១គ្រឿង,ប័ណ្ណបើកឱ្យលក់ឆ្នោត១សន្លឹក។បច្ចុប្បន្នមេឆ្នោត ប្រុស ស្រី ទាំង៤នាក់ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់។គួររំលឹកផងដែរថា ពលរដ្ឋមួយចំនួនធំនៅក្នុងខេត្តសៀមរាបបានធ្វើការសាទរយ៉ាងពេញទំហឹងទៅនឹងចំណាត់របស់កម្លាំងនគរបាលខេត្តសៀមរាបនិងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានបង្ក្រាបល្បែងឆ្នោតខុសច្បាប់នៅក្នុងខេត្តសៀមរាបព្រោះថាពួកគាត់មានការភ័យខ្លាចពីករណីអំពើចោរកម្មផ្សេងៗមកលើពួកគាត់ ដូចជាៈបៀរ អាប៉ោង ជាពិសេសល្បែងឆ្នោតនេះជាដើម ដែលធ្វើឱ្យមហាជនទូទាំងប្រទេសកម្ពុជាមានការភ័យខ្លាចជាខ្លាំង។ហើយពលរដ្ឋស្នើឱ្យលោកស្នងការខេត្តនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្តការចាប់បនល្បែងជាច្រើនទៀតដែលកើតមាន នៅក្នុងតំបន់ទេសចរណ៍នៃខេត្តសៀមរាបមួយនេះផង៕



































