ព្រះវិហារ៖ប្រជាពលរដ្ឋច្រើនគ្រួសាររស់នៅភូមិភារកិច្ចសង្កាត់ប៉ាលហាលក្រុងព្រះវិហារបាននិយាយត្អូញត្អែរថាភូមិដ្ឋានរបស់ពួកគាត់មិនទាន់មានអគ្គិសនីប្រើប្រាស់នៅទ្បើយទោះបីវានៅជិតបង្កើយនឹងទីក្រុងក៍ដោយគឺបានត្រឹមសង្ហារដាក់បង្គោលភ្លើងបេតុងចោលតែប៉ុណ្ណោះ។គ្រួសារពលរដ្ឋខ្លះប្រើអាគុយនិងអំពូលភ្លើងខ្លះទៀតប្រើភ្លើងសូទ្បារីឯនៅតាមកំណាត់ផ្លូវលេខ៦២មានដាក់បង្គោលភ្លើងសូទ្បាភ្លឺត្រឹមម៉ោង៩យប់ប៉ុណ្ណោះ។
សេចក្តីរាយការណ៍បានអោយដឹងថាសភាពការណ៍សព្វថ្ងៃនេះមិនសូវល្អនោះទេព្រោះសង្កេតឃើញនៅក្នុងមូលដ្ឋានមានករណីចោរប្លន់យកទ្រព្យសម្បត្តិពលរដ្ឋជាបន្តបន្ទាប់ដែលចំណុចប្លន់ផ្ទះប្រជាពលរដ្ឋនោះជាតំបន់ស្ងាត់និងគ្មានភ្លើងអគ្គិសនីប្រើប្រាស់ទ្បើយ។ក្រុមចោរប្លន់អាចសម្ងំលាក់ខ្លួនយ៉ាងស្រួលនៅតាមទីងងឹតគ្មានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់។
លោកវិស្វករគង់មករាប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារបានអោយដឹងនៅរសៀលថ្ងៃទី២៦ធ្នូ២០១៥ថានៅភូមិភារកិច្ចនិងភូមិផ្សេងទៀតក្នុងក្រុងព្រះវិហារអាចនឹងមានចរន្តអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅដើមឆ្នាំ២០១៦ខាងមុខនេះ។លោកបន្តថាខាងរោងចក្រអគ្គិសនីខេត្តព្រះវិហារនឹងតម្លើងត្រង់ហ្វូនៅទីនោះដើម្បីតភ្ជាប់ចរន្តអគ្គិសនីអោយពលរដ្ឋបានប្រើប្រាស់គ្រប់គ្នា។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះភ្លើងអគ្គិសនីនៅក្នុងទីរួមខេត្តព្រះវិហារមានតំលៃ១៦០០រៀលក្នុង១គីទ្បូវ៉ាត់ម៉ោងហើយកុងទ័រភ្លើងដើរលឿនដូចចាប់បង្វិលធ្វើអោយព្រជាពលរដ្ឋសង្ស័យថាថៅកែរោងចក្រអគ្គិសនីឯកជនខេត្តព្រះវិហារកេងប្រវ័ញ្ច។ពលរដ្ឋដែលមានជីវភាពខ្វះខាតមួយចំនួនប្រើភ្លើងអគ្គិសនីសន្សំសំចៃខ្លាំងណាស់មិនហ៊ានបើកទូរទស្សន៍មើលព័ត៌មានផ្តេសផ្តាស់នោះទេព្រោះរកលុយបង់ថ្លៃភ្លើងមិនបានទេ៕