ភ្នំពេញ ៖ ជនជាប់ចោទពាក់ព័ន្ឋសំណុំរឿងគ្រឿងញៀនម្នាក់ ត្រូវបានអនុរក្សពន្ឋនាគារព្រៃស ផ្ទេរទៅឃុំខ្លួននៅពន្ឋនាគារត្រពាំងថ្លុង ខេត្តកំពង់ចាម ដោយមានភាពមិនប្រក្រតី ។ ចំណុចមិន ប្រក្រតី នេះ គឺ ដោយសារសំណុំរឿងនេះ នឹងត្រូវតុលាការកំពូល លើកយកមកបើកសវនាការ ជំនុំជម្រះ នាពេល ខាងមុខ ។
ដូច្នេះគប្បីរក្សាទុកជនជាប់ចោទ ក្នុងរាជធានីភ្នំពេញ ងាយស្រួលក្នុង ការចូលរួមនីតិវិធី របស់តុលាការ ។ ជនជាប់ចោទមានឈ្មោះ ថៃ សិទ្ឋ ត្រូវបានផ្ទេរទៅឃុំខ្លួននៅពន្ឋនាគារត្រពាំងថ្លុង ខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ ។ ពាក់ព័ន្ឋបញ្ហានេះ ភរិយាលោក ថៃ សិទ្ឋ បានចាត់ទុកការ សម្រេចផ្ទេរប្តីរបស់គាត់ទៅពន្ឋនាគារត្រពាំងថ្លុង គឺមានភាពមិនប្រក្រតី ដោយសារ មានអ្នកមានអំណាចនិង ឥទ្ឋិពលម្នាក់ នៅពីក្រោយខ្នង ។
អ្នកស្រី ក៏បានស្នើឲ្យលោក គុយ ប៊ុនសន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ឋនាគារ បំភ្លឺឲ្យបានច្បាស់លាស់នៃការសម្រេច ផ្ទេរប្តីអ្នកស្រីពី មណ្ឌលកែប្រែម១ មិនដូច្នេះទេ អ្នកស្រីនឹងប្តឹងទៅក្រសួងមហាផ្ទៃ ហើយបើនៅតែមិនមាន ចំណាត់ការ អ្នកស្រីនឹង ប្តឹងបន្តទៀតឡើងទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕