សៀមរាប៖ លោកចៅសង្កាត់អំពិល មកពីគណបក្សសមរង្ស៊ី ត្រូវតុលាការសាលាដំបូងខេត្តសៀមរាប ឃុំខ្លួនបណ្តោះអាសន្ន ខណៈដែលចូលទៅបំភ្លឺ ករណីរូបគាត់គាំទ្រពលរដ្ឋឲ្យសង់ផ្ទះ និងចុះហត្ថលេខាលក់ដីក្នុងតំបន់អាជ្ញាធរអប្សរា។ សមាជិកក្រុមប្រឹក្សាសង្កាត់អំពិល ក្រុងសៀមរាប លោក ឆេង ពិសី បានប្រាប់នៅរសៀលថ្ងៃពុធនេះថា ចៅសង្កាត់អំពិលមកពីគណបក្សប្រឆាំងលោក ហៀង សារី ត្រូវតុលាការខេត្ដសៀមរាប ឃាត់ខ្លួនបញ្ជូនទៅព័ន្ធនាគារនៅម៉ោង៩ព្រឹកថ្ងៃទី៣០ខែធ្នូនេះ តាមបណ្ដឹងរបស់អាជ្ញាធរជាតិអប្សរា ករណីរូបគាត់សម្របសម្រួលឲ្យពលរដ្ឋសង់ផ្ទះក្នុងតំបន់អាជ្ញាធរជាតិអប្សរានិងចុះលេខាលក់ដីជាមួយមេភូមិកន្លងមក។លោកបន្ដថា កាលពីថ្ងៃទី១៨ខែធ្នូនេះ តុលាការបានកោះហៅរូបគាត់ម្ដងមកហើយ ប៉ុន្ដែត្រូវពន្យាពេលដល់ថ្ងៃទី៣០ខែធ្នូនេះ។លោកចាត់ទុកការចាប់ខ្លួនចៅសង្កាត់បក្សប្រឆាំងនេះជារឿងនយោបាយ ព្រោះមេភូមិដែលទទួលស្គាល់ការលក់ទិញដីដែរនោះតុលាការមិនឲ្យចូលបំភ្លឺឡើយ។ លោកមានប្រសាសន៍ថា គាត់អ្នកជំនះឲ្យប្រជាពលរដ្ឋធ្វើផ្ទះ និងពាក់ព័ន្ធថាគាត់ទៅរារាំងរឿងរើដុតផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃគុយខាងលិច។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល មានប្រសាសន៍ថា កាលពី៣ខែមុនស្ថាប័ននេះ បានដាក់ពាក្យប្ដឹងចៅសង្កាត់ លោក ហៀង សារី ទៅតុលាការពីរករណី គឺទី១ផ្ដល់ឯកសារដោយទុច្ចរិត និងពីបទសមគំនិត អំពើប៉ះពាល់ដល់សម្បត្ដិសាធារណៈ ករណីដីធ្លីនៅក្នុងតំបន់ឧទ្យានអង្គរ។
ចៅក្រមស៊ើសួរសាលាដំបូងខេត្ដសៀមរាប លោក ឈុន ច័ន្ទសីហា មានប្រសសន៍ថា តុលាការបានចោទប្រកាន់រូបគាត់ពីបទចុះហត្ថលេខារំលោភបំពានលើឯកសារអ្វីមួយ ដែលលោកថា ចៅសង្កាត់គ្មានសិទ្ធិសម្រេច។លោកថា ចៅសង្កាត់រូបនោះ អាចមានទោសពី២ឆ្នាំទៅ៥ឆ្នាំ។ លោកមានប្រសាសន៍ទៀតថា ការឃុំខ្លួននេះគឺធ្វើឡើងស៊ើបអង្កេត បន្ទាប់ពីលោកហៀង សារី ទទួលស្គាល់ថា បានធ្វើដូចការចោទប្រកាន់៕វេហាស៍