ប្រជាពលរដ្ឋ​ជាង​១០០​នាក់​លើកគ្នា​តវ៉ា​សុំ​តុលាការ​ដោះលែង​ចៅសង្កាត់​អំពិល​

0

​សៀមរាប​៖ ប្រជាពលរដ្ឋ​មកពី​សង្កាត់​អំពិល ក្រុង​សៀមរាប ប្រមាណ​ជាង​១០០​នាក់ បាន​លើកគ្នា​មកកាន់​តុលាការ​សាលាដំបូង​ខេត្ត ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​នេះ​ដោះលែង​ចៅសង្កាត់ របស់​ពួកគេ​។​Image6​ការតវ៉ា​នេះ​ពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៣១ ធ្នូ នៅមុខ​សាលាដំបូង​ខេត្តសៀមរាប​។​
​ចៅសង្កាត់​អំពិល គឺ​លោក ហ៊ាង សារី ត្រូវបាន​តុលាការ​ឃុំខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​២០១៥ ក្រោម​ការចោទប្រកាន់ថា​បានផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត និង​ពីបទ​សមគំនិត​អំពើ​ប៉ះពាល់​ដល់​សម្បត្ដិ​សាធារណៈ ករណី​ដីធ្លី​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ​។​
​ប៉ុន្តែ​ការចោទប្រកាន់​នេះ​ត្រូវបាន​ច្រានចោល​ដោយ​ប្រជាពលរដ្ឋ ដូច្នេះ​ទើប​ពួកគាត់​លើកគ្នា​មក​តវ៉ា​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក​ចៅសង្កាត់​បានធ្វើ​តាម​អ្វីដែល​សម្តេច តេ​ជោ​បញ្ជា​។​
​តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ យិន សុគន្ធា បាន​ថ្លែងថា លោក ហ៊ាង សារី ជា​ចៅសង្កាត់​ល្អ ប្រជាពលរដ្ឋ​ត្រូវការ​រូបលោក​មក​ធ្វើជា​ចៅសង្កាត់​បន្តទៀត​។ ដូច្នេះ​ប្រជាពលរដ្ឋ​សុំ​ឲ្យ​តុលាការ​ដោះលែង​លោក ហ៊ាង សារី បាន​នៅក្រៅ​ឃុំ​។​
​គួរ​បញ្ជាក់ថា ការលើក​គ្នា​មក​តវ៉ា​នេះ មិនមាន​ការប៉ះទង្គិច​ណាមួយ​រវាង​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ទេ ហើយ​ការតវ៉ា​ធ្វើបាន​ប្រមាណ​ជា​៣០​នាទី ក៏បាន​រំសាយ​បន្ទាប់ពី​លោក វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានធ្វើ​ការណែនាំ​ដល់ ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​នាំគ្នា​ផ្តិតមេដៃ​ធ្វើជា​សំណើ​ដាក់ជូន​តុលាការ​វិញ​៕Image2 Image5 Image4
​វេហាស៍​