ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្តិភាព និងសន្តិសុខក្នុងការរស់នៅប្រចាំថ្ងៃ ខណៈពេលមានចោរលួចគាស់ផ្ទះរបស់ពួកគាត់ រយៈពេលមួយយប់ចំនួនពីរកន្លែងផ្សេងគ្នា ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ដោយករណីទី១ នៅវេលាម៉ោង ១និង០០នាទីយប់ឈានចូលថ្ងៃទី ៣0ខែ ធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អស់លុយចំនួន៦៥០០០០០(ប្រាំមួយលានប្រាំសែនរៀល) និងទូរស័ព្ទដៃ១គ្រឿង ។ ចំណែកករណីទី២នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ អស់លុយខ្មែរចំនួន៣០ម៉ឺនរៀល និងទូរស័ព្ទដៃ៣គ្រឿង ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកសាលាក្រៅ បានឲ្យដឹងថា៖ ក្នុងចំណោមពីរករណីខាងលើសមត្ថកិច្ចស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ ដោយជនសង្ស័យទី១ឈ្មោះ យួន ធីម ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ម្ចាស់ផ្ទះ ឈ្មោះ ទេស ឡុង ភេទប្រុស អាយុ 32 ឆ្នាំ រស់នៅភូមិ ទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ទី២ឈ្មោះ រឿម អិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ,ទី៣ ឈ្មោះ ហង្ស សារ៉ន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ប្រភពព័ត៌មានបន្តថា៖ចំណែកម្ចាស់ផ្ទះទី១ និងជាជនរងគ្រោះមានឈ្មោះ ទេស ឡុង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយក្រុមចោរបានយកប្រាក់អស់ចំនួន ៦៥០០០០០(ប្រាំមួយលានប្រាំសែនរៀល)និងទូរស័ព្ទដៃ១គ្រឿង ។ ទី២ឈ្មោះចាន់ លេង ភេទប្រុស អាយុ ២៦ និងប្រពន្ធ ឈ្មោះ ចាន់ ធី អាយុ៣០ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ខេត្តប៉ៃលិន បាត់ប្រាក់អស់ចំនួន៣០០០០០៛ (សាមសិបម៉ឺនរៀលគត់) និងទូរសព្ទ័ដៃ០៣គ្រឿងម៉ាកសាមស៊ុងកាឡាក់ស៊ីណូត2គ្រឿង និងទូរសព្ទ័ណូគាស៊ីមពីមួយគ្រឿង ។ បច្ខុប្បន្នជនសង្ស័យ ត្រួវបានបញ្ជូនទៅស្នងការនគរបាលខេត្តប៉ៃលិនដើម្បីចាត់ការបន្ត៕