កំពត៖ មានសាកសពទារិកាម្នាក់ត្រូវបានគេប្រទះឃើញបណ្តែតក្នុងទឹកព្រែកកំពង់បាយ
មកទើរក្បែរច្រាំងត្រើយខាងលិចជិតគល់ស្ពានឥន្ទនូ(ស្ពានចាស់)បង្កឲ្យមានការភ្ញាក់ផ្អើលមនុស្សម្នារមកមើលកកកុញទាំងក្តីអាណិតអាសូរជាពន់ពេកចំពោះសពទារិកាដ៍អភព្ទ័នេះហេតុការនេះត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៨ ១៥ព្រឹកថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០១៥នៅចំខាងលើ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
តាមប្រភពពត៌មានពីកុមារាពីរនាក់ដែលឃើញសាកសពទារិកាហើយចុះទៅស្រង់ឡើងគោករួចរត់ទៅប្រាប់អ្នកស្រុកក្បែរនោះបានឲ្យដឹងថាៈ ខ្លួនដើរនៅលើខឿនថ្មក្បែរមាត់ច្រាំងមកឈរបត់ជើងតូច ពេលខ្លួនមើលទៅក្នុងទឹកព្រែកដែលមានសំរាមបណ្តែតផងនោះក៍ស្រាប់ប្រទះឃើញសពទារិកាអណ្តែតក្នុងទឹកក្បែរសំរាម ខ្លួនមានគ្នាពីរនាក់ក៍នាំគ្នាចុះទៅស្រង់ឡើងក្រែងទារិកានោះនៅរស់ ប៉ុន្តែពេលស្រង់នោះទើបដឹងថាទារិកានោះមិនដឹងស្លាប់ពីពេលណាមកនោះទេ ហើយខ្លួនបានដាក់សពទារិកានោះលើខឿនថ្មក្បែរមាត់ច្រាំងរួចរត់ទៅប្រាប់អ្នកស្រុកដែលរស់នៅក្បែរច្រាំងនោះឲ្យមកមើលទើបមានការភ្ញាក់ផ្អើលហើយរាយការទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ ។
លោកឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថាៈតាមការពិនិត្យសាកសួរបុគ្គលិកពេទ្យនៅសាលសម្ពភត្រូវបានក្រុមគ្រូពេទ្យថាក្នុងរយះពេល២៤ម៉ោងនេះគ្មានឃើញស្ត្រីជាជនអនាថាឬមនុស្សវិកលចរឹតចូលមកសំរាលទេ ដូច្នេះលោកសង្ស័យក្រែងមាននៅតាមមណ្ឌលសុខភាពនានាពីព្រោះសពទារិការូបនេះគេពិនិត្យឃើញកាត់ទងផ្ចឹតត្រឹមត្រូវតាមបច្ចេកទេសពេទ្យ។
រីឯសមត្ថកិច្ចដែលចុះទៅពិនិត្យសាកសព បានសន្ធិដ្ឋានថា សាកសពទារិកានេះមិនទាន់ស្លាប់ អាចម្ដាយយកមកបោះចោលទាំងរស់ ពីព្រោះនៅលើខ្លួនសពទារិកាស្អាតទាំងអស់ ប្រហែលជា ម្ដាយទារិកាទំនងចាញ់បោកដៃគូរ រួចខឹងខ្លាំងពេករកគិតអ្វីមិនឃើញរហូតគិតខ្លីយកកូនទៅបោះចោលដើម្បីស្រាយកំហឹងរបស់ខ្លួនយ៉ាងព្រៃផ្សៃយ៉ាងនេះទៅវិញ ។
ក្រោយពីពិនិត្យសាកសពរូចសមត្ថកិច្ចបានជូនសាហ៊ុយអោយអ្នកម៉ូតូឌុបយកទៅបញ្ចុះយ៉ាងត្រឹមត្រូវនៅកន្លែងសមរម្យមួយ ៕