ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារបុរសម្នាក់ស្រវឹងស្រាជោគខ្លួនជិះម៉ូតូមួយគ្រឿងម៉ាកសេ ១២៥ តាមបណ្តោយផ្លូវបេតុង លុះដល់ចំណុចជិតទីស្នាក់ការសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បុរស រូបនោះបានយកម៉ូតូទៅឈប់នៅមុខរថយន្តកំពុងបើកបញ្ច្រាសគ្នា ហើយដើរទៅគោះទ្វាររថយន្តហាយឡែនឌ័រ មួយគ្រឿង ភ្លាមៗនោះម្ចាស់រថយន្តភ័យស្លន់ស្លោស្មានតែថាចោរស្ទាក់ប្លន់រថយន្តទើបស្រែកឆោឡោបង្កឲ្យផ្អើល ឆោឡោដល់ប្រជាពលរដ្ឋនៅជិតនោះនាំគ្នាព្រួតវាយបុរសនោះរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ២១ នឹង ៣០នាទី យប់ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៤ ។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់វ័យជាង ២០ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ ១២៥ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1BD 5460 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ចេញពីហូបការមិត្តភាព ហើយបានបត់ចូលតាមច្រកវត្តសន្សំកុសល រហូតដល់ចំណុចជិតសង្កាត់
បឹងទំពុន រូបគេបានឈប់ម៉ូតូបាំងរថយន្តហាយឡែនឌ័រ មួយ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7135 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា។ បន្ទាប់មករថយន្ត ហាយឡែនឌ័រក៏បានឈប់បំណងចុះសួរនាំ ប៉ុន្តែ ត្រូវបុរសរូបនោះ ចុះពីលើម៉ូតូដើរទៅគោះកញ្ចក់រថយន្តផ្នែកខាងមុខ ភ្លាមៗម្ចាស់រថយន្តហាយឡនឌ័រភ័យខ្លាំងពេក ដោយសង្ស័យថា បុរសម្នាក់នោះស្ទាក់ប្រព្រឹត្តបទល្មើសអ្វីមួយ ដូច្នេះម្ចាស់បើកទ្វាររថយន្តហើយស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូន
ប្រជាពលរដ្ឋ ដែល រស់នៅជិតចំណុចកើតហេតុនាំគ្នាចេញមកជួយអន្តរាគមន៍ នឹងព្រួតគ្នាវាយបុរសខាងលើបណ្តាលឲ្យរងរបួសលើ ផ្ទៃមុខបែកឈាមស្រោចខ្លួន ។ ប្រភពដដែលបន្តថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន នឹងមន្ត្រីសាលាសង្កាត់បឹងទំពុនជាច្រើននាក់ នាំគ្នា ចុះមកអន្តរាគមន៍នឹងឃាត់ខ្លួនបុរសខាងលើនេះដើម្បីសួរនាំ។
បុរសខាងលើនេះបាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនដើរទៅគោះទ្វាររថយន្តហាយឡែនឌ័រគឺដោយសារខ្លួនស្គាល់ម្ចាស់រថយន្តនោះ ។ គួរបញ្ជាក់ថាចុងក្រោយសមត្ថកិច្ចភាគីបុរសខាងលើនឹងម្ចាស់រថយន្តហាយឡែនឌ័រ គឺជាមនុស្សធ្លាប់គ្នា ពីមុនមកដូច្នេះក៏សម្រេចឲ្យពួកគេសម្រួលគ្នាបញ្ចប់រឿងភ្លាមៗតែម្តង ដោយពុំមានការឃាត់ខ្លួនជនណាម្នាក់ ឡើយ ៕