ខេត្តកំពង់ឆ្នាំង៖ គល់ឈើប្រភេទធ្នុងធំៗចំនួន៨គល់ដឹកតាមរថយន្ត១គ្រឿងចេញពីស្រុកកំពង់លែង ឆ្លងកាត់ក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចំរុះស្ទាក់ចាប់បញ្ជូនយកមករក្សាទុកនៅក្នុងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ព្រោះតែគ្មានសុំច្បាប់អនុញ្ញាត។ករណីបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅចំ ណុចកំពង់ផែកាណូតដរ ស្ថិតនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានអោយដឹងថា៖ រថយន្តដឹកឈើខុសច្បាប់ខាងលើនេះពាក់ស្លាកលេខភ្នំពេញ 3A- 0800 ពណ៌ស បានដឹកគល់ឈើធ្នុងធំៗចំនួន៨ដុំ ក្នុងនោះ៣ដុំបានកែឆ្នៃរួចហើយរបស់លោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែង ដែលបានដឹកចេញពីសាលាស្រុកកំពង់លែង ឆ្លងតាមសាឡាងដរមកកាន់ទីក្រុងកំពង់ឆ្នាំង ឆ្ពោះទៅផ្ទះលោក នៅស្រុកបរិបូណ៍។ ប៉ុន្តែនៅពេលមានអ្នកកាសែតរាយការណ៍ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជារអោយសមត្ថកិច្ចចំរុះចាប់ឃាត់ទុកសិនដើម្បីត្រួតពិនិត្យលិខិតស្នាម។
សមត្ថកិច្ចរដ្ឋបាលព្រៃឈើបានអោយដឹងទៀតថា៖ កន្លងមកលោក មាន់ អ៊ានលី ធ្លាប់បា
នយកលិខិតប្រជាពលរដ្ឋស្នើសុំដឹកឈើធ្វើផ្ទះធ្វើជាល្បិចរកលុយ ដោយអនុញ្ញាតអោយពួកឈ្មួ ញដឹកឈើខុសច្បាប់ពីខេត្តកំពង់ធំ ចូលមកលក់អោយដេប៉ូលក់ឈើនៅក្នុងស្រុកកំពង់លែង ហើយពេលសមត្ថកិច្ចចាប់បាន គាត់បានឡើងមកអន្តរាគមន៍សុំពីលោកអភិបាលខេត្ត ឬតុលា ការខេត្តវិញ ថាជាឈើរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបានសុំដឹកយកមកធ្វើផ្ទះ។
ដោយឡែកលោក មាន់ អ៊ានលី បានបញ្ជាក់អោយដឹងថា៖ គល់ឈើធ្នុងទាំង៨ដុំខាងលើនេះគឺ៣ដុំបានកែឆ្នៃធ្វើជាតុរួចហើយ ឯ៥ដុំទៀតជាគល់ឈើចាស់ៗដែលនៅសល់ពីការគាស់ធ្វើផ្លូវនៅក្នុងស្រុកកំពង់លែង ហើយពេលនេះគាត់ជិតចូលនិវត្តន៍ហើយ ទើបគាត់ដឹកគល់ឈើទាំងនេះយកទៅទុកនៅផ្ទះដើម្បីកែឆ្នៃប្រើប្រាស់នៅក្នុងគ្រួសារ គឺមិនមែនដឹកយកទៅលក់ដូរនោះឡើយ។ រឿងឈើនេះលោក និងស្នើរសុំទៅលោកអភិបាលខេត្តកំពង់ឆ្នាំង អោយជួយសំរួលដោះស្រាយយកគល់ឈើទាំងអស់នេះយកទៅកែឆ្នៃប្រើប្រាស់វិញ។
ដោយឡែកសមត្ថកិច្ចខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានអោយដឹងថា៖ គល់ឈើនិងរថយន្តនេះត្រូវរក្សាទុកជាបណ្តោះអាសន្ននៅក្នុងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បីរាយការ ណ៍ និងសុំយោបល់ថ្នាក់លើសំរេច។
មតិប្រជាពលរដ្ឋអោយដឹងថា ពួកគាត់ដឹកឈើមួយរទេះ ២រទេះ មេព្រៃចាប់ តែចៅហ្វាយស្រុកឬអ្នកធំដឹកឈើប្រណឹតទាំងឡានៗវិញ មេព្រៃមិនដែលចាប់ទេ តែបើចាប់បានដូចករណីនេះនេះវិញថាចាំសុំយោបល់ថ្នាក់លើសិន តើតម្លាភាពចំពោះផ្លូវច្បាប់នៅត្រង់ណាទៅ..!!៕