​ផ្ទះ​៣​ខ្នង​របស់​ប្រជាពលរដ្ឋ​ត្រូវ​ភ្លើង​ឆេះ​នៅពេល​យប់​ដោយ​ម្ចាស់ផ្ទះ​ម្នាក់​ដុះ​ភ្លើង​ឆ្អើរត្រី​ចោល

0

​ខេត្តកំពង់ឆ្នាំង​៖ ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​នៅតាម​មាត់ទន្លេ​សង់​ជាប់ៗ​គ្នា​ត្រូវបាន​ភ្លើង​ឆេះ​អស់ ដោយមាន​ម្ចាស់ផ្ទះ​ម្នាក់​ឆ្អើរត្រី​ចោល​ធ្វេសប្រហែស​នៅ​ពេលយប់​បង្កអោយមាន​អគ្គីភ័យ  ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១០​យប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទន្លេ៤​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី ​លោក ហ៊ីម យ៉ុង អធិការ​នគ​បាល​ស្រុក​ជល​គី​រី​បាន​អោយនៅ​ថ្ងៃទី​០២ ខែមករា​នេះ​ថា​៖ ម្ចាស់ផ្ទះ​ដែល​បង្កអោយមាន​គ្រោះ​អគ្គីភ័យ​មានឈ្មោះ ទុយ ម៉ៅ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ចំណែក​ផ្ទះ​២​ផ្សេងទៀត​ជា​ផ្ទះ​ដែល​គេ​សង់​អោយ​គ្រូបង្រៀន​ស្នាក់នៅ ដែល​មកពី​មូលដ្ឋាន​ឆ្ងាយ ។
​លោក​អធិការ​បានអោយដឹង​បន្ថែមទៀតថា​៖ មុនពេល​កើតហេតុ​ផ្ទះ​បង្ក​របស់​ឈ្មោះ ទុយ ម៉ៅ មាន​ស្តុក​ត្រីឆ្អើរ​ជាច្រើន ហើយ​បាន​ដុត​ភ្លើង​បង្ហុយ​ឆ្អើរត្រី ស្រាប់តែ​បាន​ឆាបឆេះ​កន្លែង​ត្រីឆ្អើរ​នោះ និង​បាន​រាលដាល​ឆេះ​បន្ត​ទៅផ្ទះ​គ្រូបង្រៀន​ស្នាក់នៅ​អស់​គ្មាន​សល់ ។ គ្រោះ​អ​គ្គឺ​ភ​យ័​នេះ​បណ្តាលអោយ​រង​ការខូចខាត​ផ្ទះ​៣​ខ្នង​បាន​ឆេះ​ទាំងស្រុង ម៉ាស៊ីន​សាំង​២​គ្រឿង ម៉ាស៊ីន​ម៉ា​ស៊ុត​១​គ្រឿង ស្រូវពូជ​៨០០​គីឡូក្រាម ម៉ូតូ​១​គ្រឿង លុយ​របស់​លោកគ្រូ​៥៤០​ដុល្លា និង​ប្រាក់រៀល​៨០​ម៉ឺន ផ្លាក​ទីន​៤​ជី អាគុយ​១​គ្រឿង ។
​ទាក់ទង​និង​ការឆេះ​ផ្ទះ​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បណ្តាលមកពី​ម្ចាស់​ដុះ​ភ្លើង​បង្ហុយ​ត្រីឆ្អើរ​មានការ​ធ្វេសប្រហែស និង​ប្រហែលជា​ម្ចាស់ផ្ទះ​ដេកលក់​មិនបាន​ដឹងផង ទើបបានជា​ឆេះ​រាលដាល​ដល់ផ្ទះ​ស្នាក់នៅ​របស់​គ្រូៗ​ទៀត ហើយ​នៅ​តំបន់​នេះ​ឆ្ងាយ​ដែល​ពិបាក​ក្នុង​ការជួយ​ពន្លត់ ។
​លោក​អធិការ​បានធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូមមេត្តា ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់​ចំពោះ​គ្រោះ​អ​គ្គឺ​ភ័យ ដោយ​យ​មុន​និង​ចាក​ចេញពីផ្ទះ ត្រូវ​ពិនិត្យមើល​ភ្លើងចង្ក្រាន និង​បិទ​បារ៉ែត​ភ្លើង​ជាមុនសិន ដើម្បី​ការពារ​កុំអោយ​មាន​គ្រោះ​អគ្គីភ័យ​ដល់ផ្ទះ​របស់ខ្លួន​និង​អ្នក​ដ៏​ទៃ​៕