ខេត្តកំពង់ឆ្នាំង៖ សម្រាស់ចំនួន៧កន្លែងមានទំហំ១០៥០ម៉ែត្រការ៉េ និងមានមែកសម្រាស់ចំនួន២១០០មែក នៅព្រឹកថ្ងៃទី២៩ ខែធ្ន ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចចំរុះដឹកនាំដោយលោកនាយខ័ណ្ឌរដ្ឋបាលកំពង់ឆ្នាំង ចុះរើរុះបំផ្លាញចោលនៅចំណុច២ក្នុងឃុំភូមិពោធិ និងឃុំប្រឡាយមាស ស្រុកកំពង់លែង។ លោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា៖សមត្ថកិច្ចចំរុះដែលបានចូលរួមបង្ក្រាបបទល្មើសដាក់សម្រាស់ខាងលើនេះរួមមាន នាយខណ្ឌ័ នាយផ្នែក នាយសង្កាត់ ក្រុមប្រឹក្សាឃុំប្រឡាយមាស សហគមន៍នេសាទភូមិអន្លូងកញ្ចុះ និងមន្ត្រីយោធាស្រុកកំពង់លែង សរុបមានចំនួន៣០នាក់ ដោយប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៦គ្រឿង ។
លទ្ធផលនៃកិច្ចបង្ក្រាប គឺសមត្ថកិច្ចចំរុះបានរុះរើសម្រាស់ចោលចំនួន៧កន្លែង មានទំហំ១០៥០ម៉ែត្រការ៉េ ដែលមានមែកសម្រាស់ចំនួន២១០០មែក បទល្មើសដាក់សម្រាស់នេះស្ថិតនៅក្នុងចំណុចទន្លេកោះបាយក្រៀម ស្ថិតក្នុងភូមិពោធិ និងចំណុចក្បាលកោះកុម ឃុំប្រឡាយមាស ស្រុកកំពង់លែង។
លោកនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថា៖ បទល្មើ សដាក់សម្រាស់នេះធ្វើអោយមានផលប៉ះពាល៣យ៉ាងគឺ១.កាប់បំផ្លាញព្រៃលិចទឹក ២.ធ្វើអោយគោករាក់ព្រែកនិងទន្លេ និងទី៣.ធ្វើអោយត្រីកុម ដែលជាបទល្មើសខុសនិងច្បាប់ស្តីពីជលផល។
សមត្ថកិច្ចផ្នែកសង្កាត់រដ្ឋបាលជលផលប្រឡាយមាសបានដឹងថា៖ បទល្មើសដាក់សម្រាស់នៅក្នុងឆ្នាំនេះមានការថយចុះជាងឆ្នាំមុន ដោយគេសង្កេតឃើញថានៅឆ្នាំមុនមា នបទល្មើសដាក់សម្រាសទ្រង់ ទ្រាយធំច្រើនកន្លែង ប៉ុន្តែឆ្នាំនេះការដាក់សម្រាស់មានរូបភាពតូចៗតែប៉ុណ្ណោះ ដែលជារបស់អ្នកធ្វើចំការនៅតាមមាត់កំពុងទឹកតាមខ្នងកោះដោយ
រូបភាពសម្រាស់ភាគច្រើនគឺជាកំប្លោកនិងមែកឈើតូចតាច។
លោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងទៀតថា៖ការបង្ក្រាបបទល្មើសដាក់សម្រាស់នេះ និងត្រូវបន្តធ្វើជាបន្តបន្ទាប់ទៀតនៅគ្រប់សង្កាត់ក្នុងដែននេសាទ ដែលជាដែនសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចជលផលសុំអំពាវនាវដល់សហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចំរុះថ្នាក់ស្រុក ចូលរួមសហការជាបន្តទៀត ដើម្បីបង្ក្រាបបទល្មើសនេសាទទាំងអស់នៅក្នុងមូលដ្ឋានអោយទទួលបានជោគជ័យ និងការពារដែននេសាទកុំអោយគោករាក់៕