ខេត្តប៉ៃលិន៖ សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នេះថា៖ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ នេះបានចុះដាក់គោលដៅនៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីព្រមទាំងធ្វើការផាកពិន័យទៅលើអ្នកបើកបរល្មើសច្បាប់ ។
ដោយយោងតាមរបាយការណ៍បូកសរុបរបស់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា៖ ពីថ្ងៃទី១ ដលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលជំនាញក្នុងគោលដៅខាងលើ បានធ្វើការត្រួតពិនិត្យយានយន្តសរុប៦៦៤គ្រឿង ក្នុងនោះរថយន្តដែលល្មើសច្បាប់ចរាចរណ៏មានចំនួន២៩គ្រឿង ,ក្នុងនោះបានអប់រំដល់ពួកគាត់ចំនួន៤៥គ្រឿង ចំណែកម៉ូតូដែលល្មើសវិញមានចំនួន១០១គ្រឿង ,ធ្វើការអប់រំចំនួន១១៨គ្រឿង, ផាកពិន័យលើការមិនពាក់មួកសុវត្តិភាពចំនួន៩៦នាក់ , ផាកពិន័យលើការមិនដាក់កញ្ចក់មើលក្រោយចំនួន០៥គ្រឿងផងដែរ ។
របាយការណ៍ដដែលបានបន្តថា យានយន្តល្មើសច្បាប់ដែលត្រូវបានចាប់ផាកពិន័យទាំងរថយន្ត និងម៉ូតូចំនួន៦៦៤ គ្រឿង បានទឹកប្រាក់សរុបចំនួន២.៩៤.០០០០រៀលគត់ ។ ពាក់ព័ន្ធនិងការផាកពិន័យសមត្ថកិច្ចនគរបាលចរាចរណ៍មិនបានធ្វើការផាកពិន័យនៅតាមគោលដៅត្រួតពិនិត្យដូចមុនៗទៀតទេ គឺបានតម្រូវឲ្យអ្នកបើកបរល្មើសច្បាប់ កាន់លិខិតត្រួតពិនិត្យបទល្មើសទៅទទួលការផាកពិន័យនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។ ក្នុងការចុះអនុវត្តន៏ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក៏មានបញ្ហាប្រឈមខ្លះៗដូចជា គឺពលរដ្ឋមិនដឹងការផាកពិន័យច្បាប់ថ្មី ,ចំនួនទឹកប្រាក់ដែលផាកពិន័យមានតំលៃថ្លៃ ជាដើម ៕