ខេត្តកំពង់ឆ្នាំង៖ « បងប្អូនប្រជាពលរដ្ឋដែលនៅតាមមូលដ្ឋាន បើមានទុក្ខលំបាក ខ្វះខាតអ្វីមួយត្រូវទាក់ ទងរដ្ឋអំណាចមូលដ្ឋាន ដើម្បីធ្វើការទំនាក់ទំនងជាមួយអនុសាខាកាកបាទក្រហមស្រុក និងសាខាកាក បាទក្រហមខេត្ត នឹងចុះមកជួយដោះស្រាយបន្ទាន់ភ្លាមៗ ដោយកុំខ្លាច កុំទុកយូរ ព្រោះបើបងប្អូនមិនជួយផ្តល់ព័ត៌មាននោះទេ កាកបាទក្រហម ស្រុកខេត្ត លោកមិនបានដឹងឡើយ។កន្លងមកក៏មានបណ្តាញសង្គម បានជួយផុសរូបនិងផ្តល់ព័ត៌មាន ទើបបានដឹងដល់សាខាកាកបាទក្រហ ម នឹងបានមកដល់ភ្លាមៗជួយដោះស្រាយជូនបងប្អូន »។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការទី១ កាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេច កិតិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ក្នុងពេលដឹកនាំក្រុមការងារចុះចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាជូន ដល់ប្រជាពលរដ្ឋទីទាល់ ក្រ ស្ត្រីមេម៉ាយ កុមារកំព្រា និងជនពិការ ចំនួន៣១គ្រួសារ នៅក្នុងស្រុករល ប្អៀរ និងស្រុកទឹកផុស ដោយមានការចូលរួមពី លោក អ៊ុន សំអុល ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងមន្ត្រីកាកបាទក្រហមជាច្រើនរូបទៀត ។
លោក ប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទ ក្រហមខេត្តបានអោយដឹងថា៖ ប្រជាពលរដ្ឋទាំង៣១គ្រួសារ ដែលជាជនទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាង ជនពិការ និងកុមារកំព្រា ស្ថិតនៅក្នុងស្រុកទឹកផុសមាន១៩គ្រួសារ និងស្រុករលាប្អៀរមាន១២គ្រួសារ ដោយបានកំណត់ទីតាំង៦កន្លែងសំរាប់ធ្វើការចែកអំណោយ នៅជិតលំនៅដ្ឋាន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
អំណោយដែលបានចែកជូន ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ៥០គីឡូក្រាម , មី១កេះ , ត្រីខ ២យួមាន២០កំប៉ុង , ឃីត១កញ្ចប់មានសារុង១ មុង១ ភួយ១ និងក្រមា ១ , ប្រេងកូឡា២ដប ទឹកសុទ្ឋ នំ ទឹកផ្លែឈើ និងថវិការ ចំនួន ១០ម៉ឺនរៀល ។ ដោយឡែក គ្រួសាររបស់ក្មួយស្រី ឈ្មោះ សេន ជះ អាយុ១៨ឆ្នាំ ជាក្មេងកំព្រារស់នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស រៀនថ្នាក់ទី១១ វិទ្យាល័យព្រះបាទសុរាមម្រឹត ក្នុងក្រុងកំពង់ឆ្នាំង ជាសិស្សពូកែដែលកំពុងជួបការលំបាក លោកជំទាវ អគ្គលេខាធិការទី១ កាកបាទក្រហមកម្ពុជា បានផ្តល់ជូនថវិការ ចំនួន៧០ម៉ឺនរៀល បន្ថែមទៀត។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានមានប្រសាសន៏ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចជានិច្ចជាកាល តែងគិតគូរ និងផ្ដល់អំណោយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងជួបការលំបាកជាបន្តបន្ទាប់។ចំពោះអំណោយដែលបាននាំមកក្នុងថ្ងៃ នេះ គឺជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ចែកជូនបងប្អូនទាំង៣១គ្រួសារ មានចាស់ជរា កុមាកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹង និងជនពីការជាដើម ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ទីណាមានទុក្ខលំបាក់ គឺមានកាក បាទក្រហមកម្ពុជា មានសាខាកាកបាទក្រហមខេត្ត តែងជួយដោះស្រាយជូនបងប្អូនជានិច្ច ។
ជាចុងក្រោយលោកជំទាវ បានសំណូមពរសូមអោយបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរស់នៅហូបចុក ត្រូវមានអនាម័យល្អ ជៀសវាងការកើតមានជំងឺដង្កាត់ផ្សេងៗ យាយីនៅក្នុងគ្រួសារ ដែលធ្វើអោយខាតបង់ថវិការនៅគ្រួសារ ដែលកំពុងតែជួបការខ្វះខាត ៕