ខេត្តកំពង់ឆ្នាំង៖ ទំនាស់ដីចំការ៥ហិកតា នៅក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ប្រជាពលរដ្ឋ៣៥គ្រួសារ បានប្រកាន់ថាមន្ត្រីសុរិយោដីខេត្តម្នាក់ និងប្រជាពលរដ្ឋម្នាក់ បានលួចធ្វើបណ្ណ័កម្មសិទ្ធរំលោភយកដីចំការរបស់ពួកគាត់ មកដល់ពេលនេះតាមការប្តឹងរបស់ភាគីមានបណ្ណ័ លោកចៅក្រមតុលាកាខេត្តបានចេញដីការកោះហៅប្រជាពលរដ្ឋចំនួន៨នាក់ អោយចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដែលធ្វើអោយប្រជាពល រដ្ឋរឹតតែមានការព្រួយបារម្ភថែមទៀត និងបានទទូចសុំអោយលោកចៅហ្វាយស្រុក និងលោកចៅហ្វាយខេត្ត ឆាប់ជួយដោះស្រាយទំនាស់ដីចំការនេះជូនពួកគាត់ផង។
លោក ប៉ែន ចាន់យឿន ជាមេភូមិសន្ទៃ បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី០៧ ខែមករានេះថា៖ ថ្មីៗនេះប្រជាពលរដ្ឋ៨គ្រួសារនៅក្នុងភូមិសន្ទៃ បានទទួលដីការកោះហៅ១ច្បាប់ ពីលោក សុង ប៊ុនណារិទ្ធ ចៅក្រមតុលាការខេត្ត បង្គាប់អោយចូលខ្លួនឆ្លើយបំភ្លឺនៅប្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០០១៦ ក្នុងរឿងទំនាស់ដីចំការខាងលើ ដោយឈ្មោះ ស៊ីវ ចន្ថារី ជាដើមបណ្តឹង ប្តឹងសុំរក្សាការពារដីចំការទំហំ២,៥០ហិកតា នៅក្នុងភូមិភ្នំតូច មិនអោយប្រជាពលរដ្ឋលក់ដូរ ឬផ្ទេរទៅអោយអ្នកណាឡើយ។
លោកមេភូមិមានចម្ងល់ថា៖ ដីចំការចំនួន៥ហិកតាមានទំនាស់នៅក្នុងភូមិសន្ទៃ តែតុលាការបែបជាហៅអោយប្រជាពលរដ្ឋទៅបំភ្លឺរឿងដីទំនាស់នៅក្នុងភូមិភ្នំតូចទៅវិញ។ រឿងដីចំការចំនួន៥ហិកតានេះប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨៦រហូតមក និងទើបតែនៅដើមឆ្នាំ២០១៥ ក៏លេចមុខលោក ស៊ីវ ចន្ថារី មានឪពុកជាអតីតៈមេឃុំពង្រ និងលោក ប៉ិលចន្ថា ជាមន្ត្រីសុរិយោដីខេត្ត មកឃាត់ឃាំងមិនអោយប្រជាពល រដ្ឋគាស់រានដីធ្វើចំការ ដោយអះអាងនិងបង្ហាញបណ្ណ័កម្មសិទ្ធដែលគេលួចធ្វើតាំងពីឆ្នាំ១៩៩៥ ថាដីចំការទាំងនោះជាកម្មសិទ្ធរបស់គេ ហើយឥឡូវបានប្តឹងទៅតុលាការទៀត។
រឿងនេះលោកមេភូមិ និងប្រជាពលរដ្ឋចំនួន៣៥គ្រួសារដែលមានដីទំនាស់ សំណូមពរជាថ្មីម្តងទៀតដល់លោកចៅហ្វាយស្រុកនិងលោកចៅហ្វាយខេត្ត មេត្តាឆាប់ចុះមកជួយដោះស្រាយទំនាស់ដីចំការ ដែលជាទុកកង្វល់ជូនប្រជាពលរដ្ឋ អោយបានមុនពួកគាត់ចូលទៅបំភ្លឺនៅតុលាការផង ព្រោះប្រជាពលរដ្ឋមានការព្រួ យបារម្ភខ្លាំងណាស់។
នៅរសៀលថ្ងៃទី០៧ ខែមករានេះដែរ លោក សោម វឺន អភិបាលស្រុករលាប្អៀរបានអោយដឹងថា ចំពោះទំនាស់ខាងលើនេះ អាជ្ញាធរខេត្តបានដឹងហើយ នៅអាទិត្យក្រោយនេះក្រុមការងារចំរុះខេត្តដឹកនាំដោយ លោកបណ្ឌិត ចេង ញាន់ អភិបាលរងខេត្តនិងចុះទៅដោះស្រាយជាមួយភាគីទាំងអស់នៅលើដីទំនាស់តែម្តង។
ដោយឡែកលោក ប៉ិល ចន្ថា មន្ត្រីសុរិយោដីខេត្តបានធ្វើលិខិតបំភ្លឺមួយចុះថ្ងៃទី០៥ ខែមករា អោយអ្នកយកព័ត៌មានហង្សមាសយើងដឹងថា៖ ដីចំការនេះដែលពីមុនមកស្ថិតនៅក្នុងភូមិភ្នំតូច ឃុំពង្រ លោកបានកាប់កាប់និងធ្វើបណ្ណ័កម្មសិទ្ធនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៥ មុនពេលលោកចូលធ្វើការ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥។ តែក្រោយមកនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៧ ព្រះរាជក្រិត្យបានចេញដោយកំណត់តំបន់នេះជាតំបន់ខ្មៅហាមឃាត់មិនអោយចេញបណ្ណ័បន្តទៀតចាប់ពីខែមិនា ឆ្នាំ១៩៩៧រហូតមក។
ក្រោយពេលមានទំនាស់លោកក៏បានដាក់ពាក្យស្នើសុំទៅលោកមេឃុំពង្រចំនួន២ដង ដើម្បីរកដំណោះស្រាយ តែលោកមេឃុំមិនបានហៅមកដោះស្រាយឡើយ។ដោយឡែកលោកក៏មិនបានដាក់ពាក្យប្តឹងទៅតុលា ការ និងក៏មិនដែលបានគំរាមកំហែងចំពោះប្រជាពលរដ្ឋដូចការចោទប្រកាន់នោះដែរ។ លោកបានបញ្ជាក់ថា៖ លោកស្នើសុំអោយអាជ្ញាធរលើកយកករណីនេះមកដោះស្រាយជាមួយប្រជាពលរដ្ឋអោយចប់ ទោះលោកមានបណ្ណ័ក៏ដោយ៕