បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ ក្នុងប្រតិបត្តិការណ៍ អនុវត្តន៍ច្បាប់ចរាចរផ្លូវគោកថ្មី លើ៤គោលដៅតាមផ្លូវជាតិ បានធ្វើការឃាត់អប់រំផាកពិន័យ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ មករា ២០១៦ លើរថយន្ត និងម៉ូតូសរុប ១០៩៩គ្រឿង ស្មើនិងទឹកប្រាក់ដែលដែលផាកពិន័យបាន ៣៣៨៥០០០រៀល ។លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាដោយអនុវត្តន៍ការណែរនាំរបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដោយផ្ទាល់នៅនឹងគោលដៅ ក៏ដូចតាមផែនការរបស់សម្តេចក្រឡាហោម ស ខេង និងអគ្គស្នងការនគរបាលជាតិ នៃការអនុវត្តច្បាប់ចរាចរណ៍ថ្មីដែលបានអនុវត្តន៍ ចាប់នៅថ្ងៃទី០១រហូតដល់ថ្ងៃទី០៥ មករា ២០១៦ នៅខេត្តបន្ទាយមានជ័យ លើ៤គោលដៅក្នុងនោះមាន ១,ផ្លូវទៅបាត់ដំបង (ត្រង់ចំនុចភូមិគោកទម្លាប់ឃុំបន្ទាយនាងស្រុកមង្គលបូរី) ២,ផ្លូវទៅប៉ោយប៉ែត (ស្ថិតត្រង់ចំនុចស្រះអិនតាំភូមិសង្កាត់ទឹកថ្លា ក្រុងសិសោភ័ណ្ឌ) ៣,ផ្លូវទៅសៀមរាប(ត្រង់ចំនុចភូមិរហាលឃុំរហាលស្រុកព្រះនេត្រព្រះ) ៤,ផ្លូវទៅថ្មពួក(ត្រង់ចំនុចភូមិឃុំរលួសស្រុកស្វាយចេក) ។ ជាលទ្ធផលនគរបាលចរាចរផ្លូវគោកសហការជាមួយកម្លាំងអធិការ ដោយមានស្នងការរងមួយរូបទទួលបន្ទុកតាមគោលដៅនីមួយ ៗ ឃើញថា មានរថយន្ត និងម៉ូតូឆ្លងកាត់តាមគោលដៅទាំង៤ មានចំនួន២១២៣គ្រឿង ហើយបានឃាត់អប់រំណែនាំអោយទៅបំពេញឯកសារ ទាំងរថយន្ត និងម៉ូតូបាន៩៦១គ្រឿង ។ ជាមួយនិងការផាកពិន័យបានចេញបង្កាន់ដៃពិន័យលើរថយន្ត និងម៉ូតូចំនួន១៣៨គ្រឿង និងបានចូលបង់ផាកពិន័យបាន១៣៣គ្រឿង ។ សរុបជារួមទឹកប្រាក់ដែលទទួលបានពីការផាកពិន័យបានចំនួន៣៣៨៥០០០រៀល ។
លោកបានបន្តអោយដឹងទៀតថា បើយោងតាមសេចក្តីណែនាំរបស់នាយកដ្ឋានចរាចរផ្លូវគោក និងការណែនាំរបស់ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅពេលខាងមុខឆាប់ នឹងអនុវត្តន៍ច្បាប់ចរាចរផ្លូវគោកក្នុងទីរួមខេត្ត សម្រប់ថ្ងៃគូរ ចំណែកថ្ងៃសេសអនុវត្តន៍តាមផ្លូវជាតិ ។
យោងតាមការអង្កេតរបស់សមត្ថកិច្ចនគរបាលឃើញថា ប្រជាពលរដ្ឋ បានភ្ញាក់រលឹក ប្តូរឥរិយាបថ មកគោរពច្បាប់ចរាចរគួរអោយកត់សម្គាល់ តាមរយៈការពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ ពេលជិះរថយន្ត និងបំពាក់សំភារៈបច្ចេកទេស ៕