ខេត្តសៀមរាប៖ក្នុងឱកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេសធ្វើការប្រារព្ធមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៣៧ ថ្ងៃជ័យជំនះ៧មករា ១៩៧៩.២០១៦ ហើយកាលពីរសៀលថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៦ នៅភោជ្ជនីយ ដ្ឋាន ហេងហេងក្រុងសៀមរាបមានធ្វើពិធីសំណេះសំណាលជា
មួយសមាជិកសមាជិកា របស់សាខាបក្សនៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ក្រោមវត្តមានរបស់លោក កៅ សោភណ្ឌ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សខេត្ត និង ជាប្រធានគណៈឃោសនាអប់រំខេត្ត និង ជាសមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញ ចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និង សមាជិក សមាជិកាសាខា អនុសាខាបក្ស ចំណុះមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តផងដែរ ។ក្នុងកិច្ចស្វាគមន៍របស់លោក គឹម ប៉ុណ្ណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនខេត្ត និង ជាប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត បានធ្វើការគូសបញ្ជាក់ថា ការរៀបចំពិធីជួបជុំនេះ ឡើង ក្នុងគោលបំណងធ្វើឲ្យមន្ត្រីជាសមាជិក សមាជិកាគណបក្សគ្រប់រូប សំខាន់ចំពោះស្រទាប់យុវវ័យ ឲ្យបាន យល់ដឹងអំពីអត្ថន័យ ជាប្រវត្តិសាស្ត្រ ជ័យជំនះ៧មករា ចំពោះជាតិមាតុភូមិ ព្រមទាំងសមទ្ធិផលដែលគណបក្ស ប្រជាជនកម្ពុជា សម្រេចបានក្នុងរយៈពេល៣៧ឆ្នាំកន្លងមកនេះ ។ ម៉្យាងទៀតក៏ជាការរំលឹកនូវគុណូបការៈ ដ៏ធំ ធេង របស់យុទ្ធជន យុទ្ធនារី និង អ្នកស្នេហាជាតិ ដែលបានធ្វើពលីកម្ម ក្នុងការសង្រ្គោះជាតិ និង ការពារ អភិវឌ្ឍ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។មានប្រសាសន៍សំណេះសំណាលនោះលោកកៅសោភណ្ឌក៏បានគូសបញ្ជាក់ថា រយៈពេលកន្លងទៅ៣៧ឆ្នាំមកនេះ ផ្តើមចេញពីជ័យជំនះ ៧មករា ប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គម ដែលធ្វើឲ្យបណ្តា ប្រទេសនៅលើពិភពលោក មិននឹកស្មានដល់ថា ប្រទេសកម្ពុជា បានប្រែក្លាយពីវាលពិឃាដ ក្រោមនយោបាយ ដឹកនាំរបស់កម្ពុជាប្រជាធិបតេយ្យ និង ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍ និង ការបែកបាក់ជាតិ ការបែងចែកទឹកដី បានក្លាយមកជាប្រទេសមួយមាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ តាំងពីបាតដៃទទេ រហូតមានការីក ចម្រើនលើគ្រប់វិស័យ ដែលបានធ្វើឲ្យជីវភាពប្រជាជន មានភាពធូធារ និង មានកំណើនសេដ្ឋកិច្ចកើនឡើងឥត ឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកក៏បានបញ្ជាក់ថា សមទ្ធិផលទាំងនេះ ក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់ មន្ត្រីរាជការយើងទាំងអស់ដែលបានចូលរួម ដោយមិនគិតពីការនឿយហត់អ្វីឡើយ ។ ដូច្នេះស្មារតីថ្ងៃជ័យជំនះ ៧មករា គឺជាប្រវត្តិសាស្ត្រដែលបានចារិកទុកនៅក្នុងក្រអៅបេះដូងយើងគ្រប់រូប ហើយក៏គ្មានពេលវេលាណាមួយដែលគណបក្សប្រជាជនកម្ពុជាបំភ្លេចបានទេ នូវរាល់សកម្មភាពរបស់មន្រ្តីរាជការយើង ដែលបានលះបង់ពេលវេលា សតិបញ្ញា មនសិការ ដើម្បីបំរើជាតិ និងប្រជាជនកម្ពុជាស្ទើរពេញមួយជីវិតរបស់ខ្លួននោះឡើយ។សមិទ្ធផលការងាររបស់មន្ត្រីទាំងអស់ ត្រូវបានប្រមូលផ្តុំជាស្ពានដ៏រឹងមាំសម្រាប់ឲ្យធនធានមនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត បន្តធ្វើដំណើរក្នុងមាគ៌ាគោលនយោបាយរបស់រាជរដ្ឋាភិបាលបំពេញភារកិច្ចការពារសមិទ្ធផល៧មករា នោះគឺកំណើតទី២ នៃប្រជាជាតិកម្ពុជា រួមទាំងសន្តិភាពនិងការអភិវឌ្ឍន៍ ដោយគ្មានអ្នកណាអាចបដិសេធបានឡើយ ហើយបើគ្មានថ្ងៃរដ្ឋប្រហារ១៨មីនាក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុល ពតហើយក៏គ្មានថ្ងៃ៧មករាបើគ្មានថ្ងៃជ័យជំនះ៧មករាក៏គ្មានការបង្រួបបង្រួមជាតិ ហើយក៏គ្មានអ្វីៗមកដល់សព្វថ្ងៃនេះដែរ ។ លោក កៅ សោភណ្ឌ ក៏បានលើកឡើងនូវពីតួនាទី ភារកិច្ច ដែលសមាជិកសមាជិកាគ្រប់រូបត្រូវយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។ ម៉្យាងទៀតការជួបជុំពិសារបាយសាមគ្គីនាពេលនេះ ក៏ជាការរំលឹកនូវអនុស្សាវរីយ៍ទាំងឡាយ ដែលមន្ត្រីយើងគ្រប់រូប ដែលបានខិតខំតស៊ូ ពុះពារនូវគ្រប់ឧបសគ្គ ក្នុងការកសាង អភិវឌ្ឍន៍ប្រទេស ហើយក៏ជាការបង្កើននូវ ការសាមគ្គីភាព មិត្តភាពឲ្យកាន់តែស៊ីជម្រៅរវាងមន្ត្រី និង ថ្នាក់ដឹកនាំ និង បណ្តាមន្ទីរ អង្គភាពនានា ព្រមទាំង បន្តនូវប្រពៃណី នៃការជួបជុំនេះឲ្យមានជារៀងរាល់ឆ្នាំ ដើមី្បជាគំរូដល់បណ្តាមន្ទីរ អង្គភាពផ្សេងៗផងដែរ ៕




































