ខេត្តសៀមរាប៖ ជនជាតិចិនដីគោកម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តសៀមរាប ចាប់ខ្លួន ខណៈដែលជននោះបានយកលុយក្លែងក្លាយជាង១ម៉ឺនដុល្លារអាមេរិក ទៅទិញទូស័ព្ទដៃម៉ាកអាយហ្វូនស៊ិច (IPhone6)។នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ខេត្តសៀមរាបលោក ហុង ប៊ុនហាវ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ Liu CHANG JIAN ភេទប្រុសអាយុ៤៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១២ខែមករា នៅម្តុំព្រះអង្គចេកព្រះអង្គចម ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្តថា ការចាប់ខ្លួនជនជាតិចិននេះ បានធ្វើឡើងបន្ទាប់ពីមានពីម្ចាស់ហាងលក់ទូរស័ព្ទមួយកន្លែងបានប្តឹងមកសមត្ថកិច្ច ថាជនជាតិចិនរូបនោះ បានយកលុយក្លែងក្លាយ ទៅទិញទូរស័ព្ទក្នុងហាងរបស់ខ្លួន។
លោកហុង ប៊ុនហាវ បន្តថា បន្ទាប់ពីសាកសួរនិងរកឃើញវត្ថុតាង ជនរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ មករានេះ ដើម្បីចាត់ការតាមច្បាប់៕
វេហាស៍