មណ្ឌលគិរី៖ ព្រៃឈើក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេចនៅខេត្តមណ្ឌលគិរី គ្រប់គ្រងដោយក្រសួងបរិស្ថានត្រូវ បានគេមើលឃើញថា នឹងឈានទៅរកភាពរលាយហិនហោចក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមស្នាដៃលោក សំរ៉ង ឌីវិចិត្រ នាយដែនជម្រកសត្វព្រៃភ្នំព្រេច គ្រាដែលព្រៃឈើនៅក្នុងដែនអភិរក្សនេះ កំពុងរងការកាប់បំផ្លាញយ៉ាងរង្គាល គ្មានការបង្ក្រាប ដោយគេបានដាក់ការសង្ស័យថា លោកនាយដែនជម្រកសត្វព្រៃភ្នំព្រេចជាអ្នកបើកភ្លើងខៀវឲ្យកើត មានឧក្រិដ្ឋកម្មព្រៃឈើក្នុងតំបន់របស់ខ្លួន ។ ហើយការបំផ្លាញព្រៃឈើក្នុងស្នូលព្រៃការពារ ដែលគ្រប់គ្រងដោយមន្ត្រី បរិស្ថាននេះ ត្រូវបានគេដឹកជញ្ជូនយកទៅលក់ឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយចំនួន នៅក្នុងតំបន់ភ្នំព្រេចខេត្ត ក្រចេះ ។
យោងតាមប្រភពផ្ទាល់ពីអ្នកបើកបររថយន្តដឹកឈើពួកគេនិយាយថា ឈើដែលពួកគេដឹកជញ្ជូនរាល់ថ្ងៃនេះ គឺពួកគេចូលមកអារក្នុងតំបន់អភិរក្សភ្នំព្រេច ដោយពួកគេធ្វើការដឹកជញ្ជូនចូលទៅក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ ឈ្មោះ ដាយថាង ។ ហើយឆ្លើយនិងសំណួររបស់អ្នកសារព័ត៌មានសួរថា តើការកាប់ព្រៃឈើដឹកជញ្ជូនតាមរថយន្តក្នុង មួយថ្ងៃៗរាប់សិបគ្រឿងបែបនេះ ហេតុអ្វីទើបមន្ត្រីបរិស្ថានក្នុងតំបន់នេះមិនបង្ក្រាប ពួកគេឆ្លើយថា មេរបស់ពួកគេត្រូវ រ៉ូវគ្នាជាមួយ លោក សំរ៉ង ឌីវិចិត្រ ហើយ ។
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំចុងផ្លាស់និងឃុំមេម៉ង ស្រុកកែវសីមាបានឲ្យ ដឹងដែរថា បច្ចុប្បន្ននេះគឺមានរថយន្តប្រភេទបង្កុង និងរថយន្តកែច្នៃរាប់សិបគ្រឿងក្នុងមួយថ្ងៃៗចូលមកអាររលំដើម ឈើ និងបន្តដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងឆ្ពោះទៅក្រុមហ៊ុនផ្សេងៗគ្នា ដែលក្រុមហ៊ុនទាំងនោះមានទីតាំងជាប់ព្រំប្រទ ល់ជាមួយខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ហើយសព្វថ្ងៃនេះឈើប្រណិតប្រភេទនាងនួន ធ្នង់ បេង គឺលែងមានវត្តមាន ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចទៀតហើយ ទោះបីជាមានក៏មានតែដើមតូចៗប៉ុណ្ណោះ ដូច្នេះក្រុមអ្នកអារឈើសម្រុកអារ រលំប្រភេទឈើលេខ០១ រួមមាន ឈើសុក្រម និងគគីរ ។ ចំណែកឯចំណុចដែលពួកគេចូលមកអារឈើនោះ ឥឡូវនេះ គឺចូលមកដល់ឃុំមេម៉ង ស្រុកកែវសីមាហើយ ដែលចំណុចនេះមានចម្ងាយរាប់សិបគីឡូឯណោះ ពីក្រុមហ៊ុនសម្បទាន សេដ្ឋកិច្ចទាំងនោះ ។
ពាក់ព័ន្ធនិងបញ្ហាដ៏រសើបនេះ លោក សំរ៉ង ឌីវិចិត្រ នាយដែនជម្រកសត្វព្រៃភ្នំព្រេចបានបកស្រាយថា លោក មិនបានដឹងទេជុំវិញកាប់បំផ្លាញ់ព្រៃឈើទាំងនេះ ហើយចំពោះអ្នកដែលនិយាយថា លោកបានឃុបឃិតជាមួយក្រុម មេឈ្មួញ បើកដៃឲ្យមានការកាប់បំផ្លាញ់ព្រៃឈើក្នុងតំបន់លោកគ្រប់គ្រងនេះ លោកនឹងស្វែងរកតាមចាប់ខ្លួន ៕