ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល ខណៈរូបគេជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកច្បាស់លាស់ ហើយទាក់ដៃចង្កូតជាមួយរថយន្តកុងតឺន័រខ្ទាតចូលក្រោមកង់រថយន្តកិនពីលើម៉ូតូរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង នៅចំណុចជិតផ្សារត្រពាំងខ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ២និង០០នាទីយប់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៤។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាកច្បាស់លាស់ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ជិះធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែមានរថយន្តកុងតឺន័រធុនធំមួយគ្រឿង របស់ក្រុមហ៊ុន
សូ នួន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 3C-0650 បើកមកពីក្រោយគៀរម៉ូតូបុរសរងគ្រោះបណ្តាលឲ្យម៉ូតូ ខ្ទាតចូលក្រោមកង់រថយន្ត រងការខូចខាតទាំងស្រុង តែសំណាងល្អបុរសជាម្ចាស់ម៉ូតូបានខ្ទាតចេញមកក្រៅបណ្តាលឲ្យរងរបួសរលាត់ជើងបន្តិចបន្តួចតែ ប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍សម្របសម្រួលភាគីទាំងពីរដោយភាគីខាងម្ចាស់រថយន្តកុងតឺន័រសុខចិត្តចេញសងថ្លៃ ខូចខាតទាំងអស់ដល់បុរសជាជនរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង៕