ភ្នំពេញ៖ ហេតុការណ៍ គ្រោះថា្នក់ ចរាចរណ៍មួយ រវាងអ្នកជិះកង់ និងរថយន្តកុងតឺន័រ បណ្តាលឲ្យ អ្នកជិះកង់ រងរបួសបាក់ជើងឆ្វេង ហើយអ្នកបើករថយន្ត ចុះគេចខ្លួនបាត់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១២ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅចំណុច ផ្លូវកែង២០៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សាក្សីនៅកន្លែង កើតហេតុបាន ឲ្យដឹងថា ជនរងគ្រោះបាក់ជើង ឈ្មោះ ឃុត សុខា អាយុ៣០ឆ្នាំ ជាអ្នករើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិផ្អេរ សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន ។ ចំណែក អ្នកបើករថយ្ត កុងតឺន័រមិនស្គាល់អត្តសញ្ញាណ នោះទេ ព្រោះពេលកើត ហេតុភ្លាម ក៏ដាក់មេប្រូចបាត់ បន្សល់ទុកតែរថយន្ត បង្កពណ៌បៃតង ដែលពាក់ស្លាកលេខ ភ្នំពេញ 3B-3942 នៅកន្លែងកើតហេតុ ។
ប្រភពដដែលបានបន្តថា ដំបូងគេឃើញ រថយន្ត កុងតឺន័រ មកដល់ចំណុច កើតហេតុ ប្រហែលជាហួសផ្លូវ ដែលត្រូវបត់ ទើបរថយន្តនោះ ថយក្រោយបន្តិច រួចក៏ទៅមុខវិញ ក៏បុក ជាមួយកង់ ដែលធ្វើដំណើរ ពីកើតទៅលិច បណ្តាលឲ្យរងរបួស បាក់ជើងឆ្វេងម្ខាង និងកង់ ខ្ទាតចូលក្រោមរថយន្ត រងការខូចខាត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បញ្ជូន ជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យ ហើយរថយន្ត និងកង់ធ្វើការវាស់វែងរួច ក៏បញ្ជូនមកអធិការដ្ឋាន នគរបាល ខណ្ឌចំការមន រង់ចាំការដោះស្រាយ នៅពេលក្រោយទៅតាមនិតិវិធីច្បាប់ ៕