ខេត្តត្បូងឃ្មុំ : កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ជាច្រើននាក់ដឹកនាំ ដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហៀង សុភក្ត្រ បាន និងកំពុងចូលទៅឆែកឆេរ និងធ្វើការត្រួតពិនិត្យនៅក្នុងឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចភ្នំបុសតាកុកភូមិ បេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពពីមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោយធ្វើការឡោមព័ទ្ធពេញមួយយប់មកនេះ ឥឡូវនៅព្រឹកនេះ កម្លាំងសមត្ថកិច្ចទាំងអស់ បានចូលទៅឆែកឆេរនៅក្នុងឃ្លាំងស្តុកឈើ និងធ្វើការត្រួតពិនិត្យហើយ ដើម្បីរកឲ្យឃើញថា តើឈើទាំងនេះ មានច្បាប់ត្រឹមត្រូវ ឫមួយយ៉ាងណា? តាមសេចក្តីរាយការណ៍ដដែល នៅពេលដែលកម្លាំងសមត្ថកិច្ច ចូលទៅឆែកឆេរនោះ ខាងតំណាងក្រុមហ៊ុន ឫតំណាងឃ្លាំង ក៏បង្ហាញកិច្ចសហការ ផងដែរ ដោយបានយកឯកសារមកផ្ទៀងផ្ទាត់ជាមួយសមត្ថកិច្ច។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើចំនួនឈើប៉ុន្មានដែលសមត្ថកិច្ចរកឃើញនោះទេ? ហើយក៏មិន ទាន់ដឹងថា តើឈើទាំងនោះមានច្បាប់អនុញ្ញាតដែរឫទេ? សូមបញ្ជាក់ថា កាលពីយប់មិញ ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ លោក ហៀង សុភក្ត្រ និងមេបញ្ជាការ អាវុធហត្ថ ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ ត្រូវដេកចាំ នៅក្នុងរថយន្ត រហូតទល់ភ្លឺ ខណៈមន្ត្រី និងកងកម្លាំងអាវុធហត្ថ ត្រូវបន្ត យាមកាមដោយសារតែ ក្រុមសន្តិសុខយាម ឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា មិនឲ្យចូល។
នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ លោក ហៀង សុភក្ត្រ បានដឹកនាំកម្លាំងចុះឆែកឆេរឃ្លាំងស្តុកឈើ របស់ឧកញ៉ា អុល ដែរប៉ុន្តែ ក្រោយការត្រួតពិនិត្យ រកឃើញថា ឈើទាំងនោះសុទ្ធតែមានច្បាប់ត្រឹមត្រូវ (មានPC)ដូច្នេះមិនមានការរឹបអូសនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបង្កើត គណៈកម្មាការ ទប់ស្កាត់ និងបង្ក្រាប ការដឹកជញ្ជូនឈើ នៅទូទាំងប្រទេស ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងលោកឧត្តមសេនីយ៍ ហ៊ូ សាគុណ ជាអនុប្រធាន អមដោយសមាជិក ចំនួន៨នាក់ ក្នុងនោះ មានអគ្គនាយករដ្ឋបាលព្រៃឈើ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងអភិបាលខេត្តទាំង៦ ជាប់ព្រំដែនជាមួយវៀតណាម រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ៕