សៀមរាបៈ បទល្មើសនេសាទកើតឡើងពេញបន្ទុកនៅក្នុងឃុំអន្លង់សំណរដែលមានលោក ញឹម ស៊ីវ័ន្ត ជានាយសង្កាត់រដ្ឋបាលជលផលឃុំអន្លង់សំណរ គ្មានវិធានការបង្ក្រាបផ្ទុយពីឆន្ទៈនិងតួនាទី ជាអ្នកអភិរក្ស និងថែរក្សាធនធានធម្មជាតិ តែបែរជាបរិមាណបទល្មើសនេសាទ ពុំមានការថយចុះគឺមានតែកើនឡើងជា លំដាប់ ។
បទល្មើសរាប់ពាន់ម៉ែត្រ ត្រូវបានគេប្រទះឃើញនៅចំនុចកោះត្រែង,កោះអញ្ចាញ,កោះដាច់,កោះក្បាលខ្មោច ,កោះក្របី, តាមមាត់ទន្លេសាបចាប់ពីព្រែកមាត់ខ្លា រហូតដល់ព្រែកពេជ្រចក្រី ជាតំបន់រដ្ឋបាលស្រុកជីក្រែង ទើបតែឆ្នាំ២០១៦នេះមានប្រជានេសាទប្រើប្រាស់ឧបករណ៍ប្រភេទសាច់ដៃ ដែលមានរបាំងវែង ស្ទើរតែពាក់កណ្តាលទន្លេសាប ជាច្រើនខ្សែ រីឯព្រែកនានាវិញមានការប្រើប្រាស់ឧបករណ៍ប្រភេទស្បៃមុងនៅចំណុចកោះមេម៉ាយប្រាំ ខាងជើងភូមិខ្វែងចក ។
ប្រជានេសាទនិយាយប្រាប់អ្នកសារពត៌មានតិចៗថាពួកគាត់ដឹងដែរថាការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងនេះធ្វើអោយត្រីដែលងាយនឹងរងគ្រោះផុតពូជ ក៏ប៉ុន្តែបើពួកគាត់មិនប្រើប្រាស់ឧបករណ៍ទាំងនេះទៅនេសាទទេ ពួកគាត់មិនអាចដោះស្រាយជីវភាពរបស់ពួកគាត់បានឡើយ ពួកគាត់បន្តទៀតថា ពួកគាត់អាចប្រើប្រាស់ឧបករណ៍ទាំងនេះបាន បណ្តាលមកពីសមត្ថកិច្ចរដ្ឋបាលជលផលនិងសមត្ថកិច្ចដែលមានតួនាទីការពារនិងអភិរក្សមច្ឆាជាតិ បឹងទន្លេសាបបើកភ្លើងខៀវអោយទើបពួកគាត់អាចប្រើ។
បញ្ហាខាងលើនេះ លោក ញឹម ស៊ីវ័ន្ត បាននិយាយទូរស័ព្ទប្រាប់អ្នកសារពត៌នៅវេលាម៉ោង២.១៦នាទីពេលរសៀល ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦ ថាក្រុមការងាររបស់សមត្ថកិច្ចរដ្ឋបាលជលផល សង្កាត់អន្លង់សំណរកំពុងតែធ្វើការបង្ក្រាប ហើយក៏សូមអគុណដល់អ្នកសារព័ត៌មាន ដែលបានជួយសហការ ផ្តល់ព័ត៌មាន នៅទីតាំងបទល្មើស ដោយសារតែកម្លាំងសមត្ថកិច្ចរដ្ឋបាលជលផល មានកំលាំងតិច បានលោកជួយមើលជួយប្រាប់ គឺជាការចូលរួមចំណែកការពារធនធានមឆ្ឆាជាតិ និងទប់ស្កាត់បទល្មើសដែរ។
ដោយ អ៊ុក ផ្លុង