កំពង់ធំៈ នាយទាហានអតីតយោធិន អង្គភាពផ្នែកសឹករងស្ទោង កំពុងតែមានជម្ងឺដោយសម្ពាធឈាមឡើងខ្ពស់ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំលោកអ៊ុំ ឈាងលី មេបញ្ជាការផ្នែកសឹករងស្ទោង ព្រមទាំងមន្ត្រីក្រោមឳវាទ ចុះសួរសុខទុក្ខ នាយចំណង់ រស់ សាវិន អាយុ56ឆ្នាំ ជាអតីតយោធិននិងជាពិការជើងកាលពី ព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦ ។
លោក រស់ សាវិន គឺជាយុទ្ធជនដ៏ឆ្នើមមួយ ដែលបានពុំពារប្តេជ្ញាក្នុងការងារ នៃអង្គភាពផ្នែកសឹករង ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានបន្សល់នូវគុណបំណាច់ និងស្នាដៃជាច្រើនដល់អង្គភាព ក្រោយ ពីធ្លាក់ខ្លួនពិការ ជើងដោយសារអំបែងគ្រាប់ក្នុងសម័យសង្គ្រាម ក៏បានមករួមរស់ជាមួយនិងក្រុមគ្រួសារនៅភូមិ ឃុំ បន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងជាមេបញ្ជាការ តំបន់សឹករងកំពង់ធំ បានឲ្យដឹងថា ក្រោយពីទទួលបាន សេចក្តីរាយការពីមូលដ្ឋានថាលោក រស់ សាវិន ជានាយទាហាន អតីតធ្លាប់បំរើការនៅអង្គភាពចំណុះតំបន់សឹក មានជម្ងឺប្រចាំកាយឡើងសម្ពាធឈាម និងលើសជាតិស្ករក្នុងសរសៃឈាមបន្ថែមទៀត ទើបបានដឹកនាំមន្ត្រីក្រោមឪវាទចុះមកសួរសុខទុក្ខ និងបានពាំនាំនូវសម្ភារៈនិងគ្រឿងឧបភោគ បរិភោគមកជូនក្រុមគ្រួសាររបស់អ្នកជម្ងឺ ដើម្បីជាការផ្សារភ្ជាប់នូវមនោសញ្ចេតនារវាងមេបញ្ជាការនិងយុទ្ឋមិត្តថ្នាក់ក្រោម ។
ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា ក្រុមគ្រួសារ រស់ សាវិន បានទទួលការឧបត្ថម្ភថវិការ១០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី០១ កេស ទឺកត្រី០១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងត្រីខ១២កំប៉ុង សម្រាប់ជូនដល់ក្រុមគ្រួសារ និងបានផ្តាំផ្ញើរឲ្យអ្នកក្រុមគ្រួសារ និងអ្នកជម្ងឺខិតខំថែរក្សាសុខភាព លេបថ្នាំឲ្យបានទៀងទាត់ និងរក្សាសុខភាពអនាម័យ ដើម្បីឲ្យអ្នកជម្ងឺជាសះស្បើយឆាប់ៗ។
ដោយ ប៊ុន រដ្ឋា



































