រាជធានីភ្នំពេញ ៖ បុគ្គលិកស្ថានីយប្រេងកាល់តិចគ្រប់ស្ថានីយទូទាំងរាជធានីបន្តធ្វើកូដកម្ម នៅវេលាព្រឹកថ្ងៃទី១៣ ឧសភា ខណៈពុំទាន់មានដំណោះស្រាយ ។ នៅព្រឹកនេះដែរ គេសង្កេតឃើញគ្រប់ស្ថានីយប្រេងកាល់តិចមានចងខ្សែហ៊ុំព័ទ្ធ ដោយមិនអនុញ្ញាតឱ្យក្រុមបុគ្គលិកជួបជុំគ្នាក្នុងស្ថានីយនោះទេ ។ តំណាងបុគ្គលិកម្នាក់ឱ្យដឹងថា៖ បន្ទាប់ពីពួកគេផ្ទុះការតវ៉ាម្សិលមិញ ខាងសាលារាជធានីភ្នំពេញ បានកោះហៅតំណាងបុគ្គលិក និងតំណាងក្រុមហ៊ុនជួបពិភាក្សាគ្នា តែភាគីទាំង២មិនទាន់បានជួបគ្នានៅឡើយ ។ សូមបញ្ជាក់ថា បុគ្គលិកស្ថានីយប្រេងកាល់តិច កាលពីព្រឹកថ្ងៃទី១២ ឧសភា បាននាំគ្នាផ្ទុះការតវ៉ាលើកបដាបញ្ឈប់ការចាក់សាំង ប្រយោជន៍ដើម្បីទាមទារលក្ខខណ្ឌការងារ៥ចំណុច ។
ការផ្ទុះកូដកម្មតវ៉ាធ្វើឡើងដំណាលគ្នា គ្រប់ស្ថានីយប្រេងទាំងអស់នៅក្នុងរាជធានី ។ លក្ខខណ្ឌដែលបុគ្គលិកប្រេងកាល់តិចទាមទារមាន៥ចំណុច ១-សុំដំឡើងប្រាក់ខែ១៦០ដុល្លារ ២-សុំឱ្យមានប្រាក់ខែទី១៣ ៣-មានការជប់លៀង ៤-បង្កើតទារកដ្ឋាន និងទី៥-សុំឱ្យមានអ្នកអនាម័យ ។
ស្ថានីយប្រេងកាល់តិចនៅទូទាំងប្រទេសមានចំនួន២៤ ក្នុងនោះនៅរាជធានី១៨ស្ថានីយ និងតាមបណ្តាខេត្តមានខេត្តបាត់ដំបង០១ស្ថានីយ ខេត្តកំពង់ចាម០១ស្ថានីយ ខេត្តសៀមរាប០១ស្ថានីយ ខេត្តកំពង់សោម០២ស្ថានីយ និងខេត្តកំពង់ធំ០១ស្ថានីយ ៕