កំពង់ធំ៖ ប្រជាពលរដ្ឋ និយាយថា រហូតមកទល់ពេលនេះ ល្បែងកន្ទុយលេខ នៅតែពង្វក់ស្មារតីអាជីវករនៅផ្សារកំពង់ធំ ដដែល ធ្វើអោយមានការថយចុះការជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនៅមូលដ្ឋាននោះ ដែលធ្វើឲ្យប្រជាពលរដ្ឋរិះគន់ថា ការអសមត្ថភាព របស់អាជ្ញាធរ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ព្រោះតែការត្រូវរ៉ូវគ្នាជាប្រព័ន្ធជាមួយសមត្ថកិច្ចទើបបើកឲ្យមានបទល្មើសនេះកើតឡើងយ៉ាងរលូន ជារៀងរាល់ថ្ងៃ ព្រោះការលេងនេះ នៅពីមុខការដើរ ល្បាតរបស់សមត្ថកិច្ចនោះទៀតផង។
ផ្សារថ្មីកំពង់ធំស្ថិតនៅសង្កាត់កំពង់ធំ ដែលមានចៅសង្កាត់និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលកំពង់ធំនេះជាសមាជិកគណ:កម្មការរៀបចំសណ្ដាប់ធ្នាប់និងសន្តិសុខផ្សារនេះទៀតផង ប៉ុន្តែ ផ្ទុយទៅវិញល្បែងកន្ទុយនេះ នៅតែបន្តលេងនៅនិងមុខប៉ុស្តិ៍សង្កាត់នេះតែម្ដង។បើតាមប្រភពពីអាជីវករ ដែលមិនញៀន នឹងល្បែងកន្ទុយលេខនេះ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹង ថាល្បែងកន្ទុយលេខ គឺគេលេងជារៀងរាល់ថ្ងៃជាពិសេស នៅផ្សារសេរីប៉ែកខាងក្រោយនេះ គឺមានអ្នកលេង តាំងពីអ្នកលក់កំប៉ិកកំប៉ុក រហូតដល់អ្នកលក់ធំដុំ ។
អាជីវករខ្លះបានរិះគន់ថា សកម្មភាពល្បែងកន្ទុយលេខនេះវាបង្ហាញចំពោះសាធារណៈជនពីចំណុចកខ្សោយ របស់សមត្ថកិច្ចប្រចាំមូលដ្ឋាន ហើយល្បែងកន្ទុយលេខនេះ មានការរីករាលដាល និងបើកចំហជាងមុន បន្ទាប់ពីការបង្ក្រាបរួចម្ដងមក ដោយប្រភពដដែលនេះ បានអះអាងថា មេកន្ទុយលេខធំៗនៅផ្សារកំពង់ធំនេះ បាននិយាយថា ក្រោយពីមានការ បង្ក្រាបនោះ គឺពួកគេបានត្រូវគ្នា ជាមួយសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធអស់ហើយ។ក្នុងនោះពួកគាត់សំណូមពរដល់លោកអភិបាលខេត្តកំពង់ធំ បើគ្មានចំណាត់ការ ប្រកបដោយតម្លានុភាពនោះទេ ទង្វើល្បែងកន្ទុយនេះកាន់តែអាក្រក់ៗទៅនៅទីប្រជុំជននិងជះឥទ្ធិពលប៉ះពាល់កាន់តែខ្លាំង ទៅគោល នយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល។
លោក វ៉ាន់ វិបុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ធំ ធ្លាប់បានឆ្លើយតបនឹងអ្នកសារ ព័ត៌មានថា អ្នកលេងល្បែងកន្ទុយលេខទាំងនោះ គឺលោកបានហៅមកធ្វើកិច្ចសន្យា អប់រំបញ្ឈប់អស់ហើយ ហេតុអីក៏មានលេងទៀត ហើយលោកមិនបានដឹងរឿងនេះទេ។
ចំណែកលោកញ៉ែម ឈុនលី អធិការនគរបាលក្រុង ស្ទឹងសែនបានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានដឹងរឿងនេះទេ ហើយកន្លងមកនៅក្នុងផ្សាររនេះគឺមានការបង្ក្រាបអស់ហើយ ហើយ លោកបានប្រគល់ការងារនេះ ទៅឲ្យខាងប៉ុស្តិ៍ ជាអ្នកឃ្លាំមើលនិងចំណាត់ការបង្ក្រាបឬទប់ស្កាត់បទល្មើសល្បែងកន្ទុយលេខនេះ ហេតុនេះលោកនឹងបញ្ជាទៅប៉ុស្ដិ៍ ឲ្យចុះស្រាវជ្រាវករណីនេះជាបន្ទាន់ប៉ុន្តែទោះជាយ៉ាងក្ដី លោកជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ ដែលប្រជាពលរដ្ឋនៅក្រុងស្ទឹងសែនថាមើលឃើញថា អសកម្មក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងនេះមិនបានត្រូវអ្នកសារព័ត៌មានសុំបំភ្លឺបានឡើយនៅពេលនេះដោយទូរស័ព្ទរបស់លោកទាក់ទងមិនបាន៕ ប៊ុន រិទ្ធី